ភ្នំពេញ ៖ លោកជំទាវម្នាក់កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃឃាត់ខ្លួន និង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដោយរងនូវការចោទប្រកាន់ថា ឆបោក និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ឱ្យអតិថិជន ពាក់ព័ន្ធនឹងសំណុំរឿងទិញ-លក់ដីធ្លី ។ លោកជំទាវដែលរងនូវការចោទប្រកាន់នោះមាន ឈ្មោះ ឈិន ដាណា អាយុ៤៧ឆ្នាំ ជាអគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបានហេង ហេង គ្រុប មានអាសយដ្ឋាននៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ការនាំខ្លួនលោកជំទាវរូបនេះចូលតុលាការ គឺសមត្ថកិច្ចបានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ ពាក់ព័ន្ធនឹងបទចោទប្រកាន់នេះ គឺនៅអំឡុងចុងឆ្នាំ២០២០ លោកជំទាវ ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំ៣ហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ៦០ម៉ឺនដុល្លារអាមេរិកឱ្យទៅបុគ្គលម្នាក់ ។ ដោយមានការជឿជាក់លើលោកជំទាវ ឈិន ដាណា ភាគីដើមបណ្តឹងបានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនឱ្យទៅ
លោកជំទាវ តែក្រោយពីបានលុយអស់ហើយលោកជំទាវអត់មានដីឱ្យទៅដើមបណ្តឹងទេ ។ សំណុំរឿងត្រូវបានសមត្ថកិច្ចបញ្ជូនដល់ដៃចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរក៏បានបើកការសាកសួរ រហូតដល់ព្រលប់ថ្ងៃដដែល ទើបសម្រេចឱ្យលោកជំទាវវិលត្រឡប់ទៅផ្ទះវិញ ដោយតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។
តាមការចោទប្រកាន់ខាងលើនេះ អង្គភាពនគរដ្រេហ្គន មិនអាចរកទំនាក់ទំនងបំភ្លឺពីលោកជំទាវ ឈិន ដាណា បានទេ ៕
ដោយ រ៉ារ៉ា