តុលាការសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់រឿងយកប្រាក់ពីដើមបណ្តឹងជាង១ម៉ឺនដុល្លារទៅរត់ការចូលក្របខ័ណ្ឌការងារតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនមន្ត្រីនគរបាលម្នាក់ ដាក់ពន្ធនាគារដើម្បីអនុវត្តទោសតាមអំណាចសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅនាយកដ្ឋានអាវុធជាតិផ្ទុះ ក្រសួងមហាផ្ទៃ មានអាសយដ្ឋានផ្ទះលេខ៤៣ ផ្លូវលេខ១៦ កែងផ្លូវលេខ
១៣ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនជាប់ចោទត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

សាលក្រមនោះមានសេចក្តីសម្រេចផ្តន្ទាទោសឈ្មោះ ពៅ វណ្ណឌី ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២០ តាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សាលក្រមសម្រេចឱ្យជនជាប់ចោទសងប្រាក់ចំនួន២០.០០០ដុល្លារអាមេរិក និង សំណងការខូចខាតពេលវេលា ការចំណាយថ្លៃសេវាច្បាប់ និងជំងឺចិត្តជាទឹកប្រាក់ចំនួន១៥.០០០ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ។

សំណុំរឿងនេះបានបើកសវនាការជំនុំជម្រះជាសាធារណៈ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ និងប្រកាសសាលក្រមនៅថ្ងៃទី២៣ ខែឆ្នាំដដែល ដោយកំបាំងមុខជនជាប់ចោទ តែចំពោះមុខដើមបណ្តឹង និងទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

ដើមចមបណ្តាលឱ្យមានការចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទឈ្មោះ ពៅ វណ្ណឌី ត្រូវបានប្រភពព័ត៌មានបង្ហើបឱ្យដឹងថា រឿងផ្តើមចេញពីជនជាប់ចោទបានទទួលយកប្រាក់ពីដើមបណ្តឹងប្រមាណជាង១ម៉ឺនដុល្លារអាមេរិកដើម្បីយកទៅរត់ការផ្ទេរក្រមខ័ណ្ឌពីអង្គភាពមួយទៅអង្គភាពមួយ ប៉ុន្តែលទ្ធផលមិនបានសម្រេចដូចការនិយាយគ្នា មុនពេលទទួលយកប្រាក់ពីភាគីដើមបណ្តឹងនោះទេ ទើបកើតជារឿងប្តឹងផ្តល់ រហូតមានសាលក្រមផ្តន្ទាទោស និង មានដីកាបង្គាប់ឲ្យចាប់ខ្លួន និង ឃុំខ្លួនតាមអំណាចសាលក្រមនេះ ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print