ក្រុមការពារតំណែងជើងឯក Inter Milan បានត្រលប់មកវិញដោយហក់ឡើងឈរកំពូលតារាងក្រោយពីការស៊ុតបញ្ចូលទីចំនួន៤គ្រាប់ដើម្បីផ្តួលក្រុម Empoli ក្នុងលទ្ធផល៤ទល់២ ឡើងលើកំពូលតារាង Serie A ។
ការប្រកួតតង់ទី១ ក្រុមភ្ញៀវ Empoli បាននាំមុខ២គ្រាប់ដែលរកបានដោយកីឡាករ Andrea Pinamonti ដែលខ្ចីជើងពីក្លឹប Inter Milan នៅនាទីទី៥ និងគ្រាប់ទី២រកបានដោយកីឡាករ Kristjan Asllani នៅនាទីទី២៨។ចូលដល់នាទីទី៤០ កីឡាករ Simone Romagnoli របស់ក្រុម Empoliបានភ្លាត់ស្នៀតស៊ុតបាល់ផ្លាតចូលសំណាញ់ទីខ្លួនឯងធ្វើឲ្យក្រុមម្ចាស់ផ្ទះតាមពីក្រោយ ២-១ ហើយនៅនាទីទី៤៥ជិតនឹងចប់តង់ទី១ហើយ ខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan រកបាន១គ្រាប់តាមស្មើ២ទល់២។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Inter Milan បានបន្តវាយសម្រុកយ៉ាងខ្លាំង និងបានគ្រប់គ្រងបាល់រហូតដល់ជាង៦០ភាគរយ។ នៅនាទីទី៦៤ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Martinez ដដែលរកគ្រាប់បាល់បាន១គ្រាប់ឱ្យ Inter Milan ហើយជិតនឹងចប់ការប្រកួតទៅហើយគឺនៅនាទីទី៩០+៤ ខ្សែប្រយុទ្ធ Alexis Sanchez រកបាន១គ្រាប់ទៀតរហូតចប់ការប្រកួត Inter Milan យកឈ្នះ Empoli ក្នុងលទ្ធផល៤ទល់២។
ជ័យជម្នះនេះមានន័យថា Inter Milan មាន១ពិន្ទុដាច់លើកំពូលតារាង ដោយនៅសល់២ប្រកួតទៀតចប់រដូវកាល ប៉ុន្តែក្រុមលេខ AC Milan មានឱកាសដណ្តើមយកចំណាត់ថ្នាក់លេខ១វិញដោយការប្រកួតនៅថ្ងៃអាទិត្យ នៅពេលពួកគេធ្វើដំណើរទៅកាន់ក្រុម Verona។ ខណៈដែលក្រុម Inter Milan នឹងត្រូវស្វែងរកពានរង្វាន់មួយទៀតក្នុងការប្រជែងដណ្តើមពានមួយនៅថ្ងៃពុធ នៅពេលក្រុមនេះត្រូវជួបក្រុមJuventus ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ៕ (រូបភាព ៖ BBC Sport/AFP/Reurters)