ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌចំការមនចាប់បញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីលួចរថយន្តម៉ាកកូរ៉ូឡា១គ្រឿងនៅខណ្ឌចំការមន។
ជនសង្ស័យទី១-ឈ្មោះ នី ម៉ាឡា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ជនសង្ស័យទី២-ឈ្មោះ ស៊ីន ដាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ ឡាង ស្រីមួយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអង្គការមួយ មានទីលំនៅផ្ទះលេខ១ ផ្លូវP១២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យសមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២វេលាម៉ោង១រសៀល ដោយពួកគេបានធ្វើសកម្មភាពលួចយករថយន្តម៉ាកកូរ៉ូឡានៅចំណុចផ្ទះលេខ៤៣A ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ រថយន្ត១គ្រឿងម៉ាក COROLLA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2J-2504, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1A-4856។
ករណីនេះកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង៣នៅចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះបានទុករថយន្តនៅលើផ្លូវចាក់សោត្រឹមត្រូវ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់បានមកធ្វើសកម្មភាពលួចរថយន្តបានសម្រេច រួចគេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២២វេលាម៉ោង១រសៀលកម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន២នាក់រួមទាំងវត្ថុតាងរថយន្តជនរងគ្រោះនៅចំណុចផ្ទះជួល តាមផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
ដោយ រ៉ារ៉ា