ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី ទាវ ឡាយចេង បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗជាមួយនឹងអគារវ័យចំណាស់ដែលជាការទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសថែមទៀតនោះគឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អដែលធ្វើឱ្យអ្នកវិនិយោគទុននានាមានជំនឿទុកចិត្ត ចង់មកវិនិយោគនៅប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ។
ការសម្តែងនូវការកោតសរសើរពីសំណាក់លោកស្រីឯកអគ្គរដ្ឋទូតខាងលើនេះ បានធ្វើឡើងខណៈដែលលោកស្រីបានចូលជួបសម្តែងការគួរសមជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២២នេះនៅសាលារាជធានីភ្នំពេញ។
លោកស្រីទាវ ឡាយចេង បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអគារខ្ពស់ៗ ជាច្រើន ហើយអគារវ័យចំណាស់ក៏មានច្រើនគួរអោយកត់សម្គាល់ផងដែរ ។ នេះជាការទាក់ទាញភ្ញៀវឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ។ ជាក់ស្តែង អគាររដ្ឋបាលរាជធានីភ្នំពេញដែលលោកស្រីបានជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីនេះគឺជាអគារដែលមានវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញក៏បានសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឱ្យដំណើរការផ្លូវល្បឿនយើងនឹងប្រើប្រាស់ត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឲ្យមានអាកាសយានដ្ថានថ្មី ,ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ ខ្វាត់ខ្វែងជាច្រើនកន្លែងទៀតធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញមានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអតិថិជន ក្រុមហ៊ុនឯកជននានាមានការជឿទុកចិត្តចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ។
លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូននិងការបំពាក់សូឡានៅតាមអគារផ្សេងៗជាដើម។ ក្រៅពីនេះក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹងមួយរបស់សាំងហ្គាពួរក៏បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រីក៏បានអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងរដ្ឋបាលរាជធានីភ្នំពេញដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យនិងបានបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ។
លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញដែល មានការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេស ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ ធ្វើឱ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើងដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកមកប្រកបមុខរបរកទទួលទាននៅរាជធានីភ្នំពេញមានចំនួនប្រមាណជា៣លាននាក់ ដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។
លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឱ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាស់សម្រាប់នៅតាមទីសាធារណៈផងដែរ។ ជាងនេះទៅទៀតសម្ដេចតេជោហ៊ុន សែនបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលស្នាក់នៅកម្ពុជាដោយមិនគិតថ្លៃថែមទៀតផង៕ សំរិត