អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev ជាអតីតប្រធានាធិបតីរុស្ស៊ី បានព្រមាននៅថ្ងៃទី១២ខែឧសភានេះថា ការណ៍ដែលប្រទេសលោកខាងលិចបង្កើនការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អាចជំរុញឱ្យមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំរវាងរុស្ស៊ីនឹងណាតូ ។
នៅលើបណ្តាញសង្គម លោក Dmitry Medvedev បានបញ្ជាក់ថា សង្គ្រាមរវាងរុស្ស៊ីនឹងណាតូ អាចជំរុញឱ្យមានសង្គ្រាមបរមាណូជាទ្រង់ទ្រាយធំ ។ លោក Dmitry Medvedev បានបង្ហោះសារថា
«បណ្តាប្រទេសជាសមាជិកណាតូ បានបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន ហ្វឹកហាត់ទាហានអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ប្រទេសលោកខាងលិច ។ ចំណុចទាំងនោះនឹងបង្កឱ្យមានការផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយប្រទេសណាតូ លែងជាមួយអ៊ុយក្រែនទៀតហើយ។
លោក Dmitry Medvedev បានសង្កត់ធ្ងន់ថា «សង្គ្រាមបែបនេះនឹងបង្កប់ទៅដោយភាពគ្រោះថ្នាក់ គឺអាចផ្ទុះសង្គ្រាមបរមាណូ ហើយនេះជាគ្រោះមហន្តរាយសម្រាប់មនុស្សគ្រប់គ្នា។ រុស្ស៊ីនិងអាមេរិកគឺជាប្រទេសមហាអំណាចបរមាណូ ដោយក្នុងនោះរុស្ស៊ីមានក្បាលគ្រាប់បរមាណូដល់ទៅ៦.២៥៧គ្រាប់ ។ ចំណែកអាមេរិក អង់គ្លេស និង បារាំង មានក្បាលគ្រាប់បរមាណូ ៦.០៦៥គ្រាប់។
ទំនាក់ទំនងរវាងរុស្ស៊ី នឹងណាតូ កាន់តែអាក្រក់ចាប់តាំងពីរុស្ស៊ីបានបើកកាវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ ។ ក្នុងពេលនេះស្ថានភាពកាន់តែតានតឹង ក្រោយពេលដែលប្រទេសហ្វាំងឡង់ នៅថ្ងៃទី១២ខែឧសភាបានដាក់លិខិតចូលជាសមាជិករបស់ណាតូ ។ ប្រទេសហ្វំាងឡង់ មានព្រំដែនជាប់រុស្ស៊ីដល់ទៅ ១៣០០គីឡូម៉ែត្រ ។ ប្រសិនបើប្រទេសនេះចូលជាសមាជិកណាតូនោះអាវុធរបស់អាមេរិកនឹងចូលដល់កៀករុស្ស៊ីតែម្តង៕ ដោយធីរីណា
រូបថត : Reuters