កុលបុត្រ-កុលធីតា១០២រូបបានបំបួស កោរសក់ បួងសក់ ក្នុងពីធីប្រារព្ធពិសាខបូជា នៅវត្តទេពប្រណម្យនៃអតីតរាជធានីអង្គរធំ

ចែករំលែក៖

ខេត្តសៀមរាប÷នៅវត្តទេពប្រណម្យក្នុងបរិវេណនៃក្រុងអង្គរធំនាខេត្តសៀមរាប បានប្រារព្ធធ្វើពិធីបុណ្យ ពិសាខបូជាដោយកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន១០២រូប នៅថ្ងៃទី១២ខែឧសភា ឆ្នាំ២០២២ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណាដែលចង់ស្វែងយល់អំពីព្រះធម៌ក្នុងព្រះពុទ្ធសាសនានិងអប់រំផ្លូវចិត្ត។

ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាចំនួន ១០២រូបនេះ ស្ថិតក្រោមព្រះអធិបតីភាព ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្តសៀមរាប លោកស្រីយូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក ភ័ន ផល្លា តំណាងលោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងពុទ្ធបរិស័ទមកពីច្រើនមជ្ឈដ្ឋាន។ 

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ជាព្រះអនុគណក្រុងសៀមរាប មានព្រះថេរៈដិការថាការរៀបចំពិធី បំបួសកុលបុត្រ កុលធីតា ចំនួន១០២រូបនេះ ក្នុងគោលបំណង ដើម្បីឱ្យយុវជនយុវតីខ្មែរមានឱកាសបានចូលសាងផ្នួសតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសជាដើម។ 

លើសពីនេះគឺដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរចេះភ្ញាក់រលឹកនិងលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌នៃព្រះពុទ្ធបរមគ្រូ ហើយចេះទទួលយកការអប់រំ ណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អនិងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនាផងដែរ។  «ពិធីកោសក់ បួងសក់កុលបុត្រ កុលធីតាពេលនេះ គឺប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរសដែលបានបន្សល់ទុកនៅក្នុងសង្គមជាយូរលង់មកហើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវថែរក្សានិងបន្តវេនមត៌កនេះ កុំឱ្យបាត់បង់»។

ព្រះភិក្ខុ ឡាច លាង មានព្រះថេរៈដិការទៀតថាសក់ គឺជាវត្ថុដែលមនុស្សគ្រប់រូបស្រឡាញ់និងពិចពិលរមិលមើល ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើយុវជន កុលបុត្រ កុលធីតាណាស័្មគ្រចិត្តលះបង់សក់ដែលស្រឡាញ់នេះ ដើម្បីសាងផ្នួសនោះ គឺជាការលះបង់ដ៏អស្ចារ្យមួយ ក្នុងការតបស្នងសងគុណឪពុក អ្នកម្តាយ អ្នកមានគុណទាំងឡាយ ជាពិសេសគឺបានថ្វាយព្រះរាជកុសលចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំជាតិទាំងមូល ព្រមទាំងបានអានិសង្ឃសម្រាប់ខ្លួនឯងផង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print