សម្តេចតេជោ ហ៊ុនសែន អញ្ជើញជួបជាមួយក្រុមហ៊ុន ទំនាក់ទំនងសាធារណៈ( PR Firm-Qorvis Communication)

ចែករំលែក៖

សហរដ្ឋអាមេរិក : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញជួបជាមួយក្រុមហ៊ុន ទំនាក់ទំនងសាធារណៈ( PR Firm-Qorvis Communication) នៅវ៉ាស៊ិនតោនឌីស៉ី សហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានដើរដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម។ សម្ដេចជឿថាបញ្ហាមួយចំនួនដែលកម្ពុជា-អាមេរិក បានយល់ច្រលំនឹងគ្នានឹងអាចធ្វើការស្រម្រុះសម្រួលជាមួយគ្នាតទៅទៀត។

ថ្លែងពីរដ្ឋធានីវ៉ាស៊ីនតោននៅចំពោះមុខពលរដ្ឋខ្មែរដែលរស់នៅអាមេរិក និងកាណាដាជាង ២០០០នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមានការឡើងចុះ តែទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបានក្លាយជាដៃគូពាណិជ្ជកម្មដែលធំបំផុតរបស់កម្ពុជាដែលមានតម្លៃជាង ៩ពាន់លាន់ដុល្លារ។

សម្ដេចថាកម្ពុជាចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោករួមទាំងអាមេរិកផងដែរ។ សម្ដេចតេជោ បន្ថែមថា មានចំណុចខ្លះដែលជាការយល់ច្រលំពីអាមេរិកចំពោះកម្ពុជាគឺការសង្ស័យពីការកសាងមូលដ្ឋានកងទ័ពជើងទឹកនៅដែនសមុទ្ររាម ដែលសម្ដេចតេជោបញ្ជាក់ជាថ្មីការសាងសង់មូលដ្ឋានកងទ័ពជើងទឹកនេះគឺដើម្បីអភិវឌ្ឍន៍មូលដ្ឋានទ័ពសមុទ្រ និងសម្រួលដល់ការចូលចតរបស់នាវាល្បាតរបស់កម្ពុជា។ សម្ដេចថាកម្ពុជាគ្មានបំណងណាមួយទៅគំរាមកំហែងអ្នកដទៃទេ កម្ពុជាចង់តែបង្កើននូវសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយទ័ពដើម្បីបង្វែកលុយដែលសម្រាប់វិស័យទ័ពទៅកាន់វិស័យផ្សេងវិញ។

សម្ដេចតេជោបញ្ជាក់ថា៖ «គំនិតនេះមានតាំងពីឆ្នាំ១៩៨៦ ដែលខ្ញុំបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ ខ្ញុំដើរតាមមាត់សមុទ្រពីកោះកុង មកកំពង់សោម មកកំពត ពេលនោះកែបមិនទាន់បង្កើតទេ។ ខ្ញុំមើលឃើញសព្វថ្ងៃពលរដ្ឋកម្ពុជាយើងត្រូវពឹងពាក់ទៅលើថៃ ថៃគេយកប្រាក់ គេមានកន្លែងជួសជុល គេអួរទូក អញ្ចឹងយើងគួរធ្វើកន្លែងហ្នឹង ឯនាវាល្បាតរបស់យើងត្រូវបញ្ជូនទៅវៀតណាមដើម្បីជួសជុល។ អញ្ចឹងឥឡូវនេះយើងធ្វើអាហ្នឹង ឥឡូវហ្នឹងទីតាំងបញ្ជាការកងទ័ពជើងទឹកត្រូវយកទៅផ្ញើនៅកន្លែងណាផ្សេងសិន ហើយកន្លែងលំហសមុទ្រត្រូវកសាងនៅកោះមួយថ្មីជំនួសឱ្យទីតាំងចាស់ ហើយយកទីតាំងចាស់ក្នុងការជួសជុលនាវា ហើយប្រទេសណាក៏ដោយចង់ចូលគឺកម្ពុជាអនុញ្ញាតទាំងអស់»។

សម្ដេចតេជោថារឿងមួយដែលជាការយល់ច្រលំរបស់អាមេរិកលើកម្ពុជារហូតមកដល់បច្ចុប្បន្នគឺទាក់ទងនឹងការធ្វើសមយុទ្ធក្នុងឆ្នាំ២០១៧ ដែលកម្ពុជាបានផ្អាកការធ្វើសមយុទ្ធទាំងអស់ដែលបានកើតជារឿងមួយដល់បច្ចុប្បន្នដែលមិនទាន់ដោះស្រាយ។

សម្ដេចតេជោថា៖ «ឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតកាលហ្នឹង បោះឆ្នោតឃុំសង្កាត់ ខ្ញុំបានប្រាប់សម្ដេចពិជ័យសេនា ទៀ បាញ់ ថាឆ្នាំបោះឆ្នោតមិនគួរមានសមយុទ្ធកើតឡើងទេ។ អញ្ចឹងយើងផ្អាកសមយុទ្ធទាំងអស់ បែរជាមានការភ័ន្តច្រលំមួយថាកម្ពុជាផ្អាកសមយុទ្ធជាមួយអាមេរិក បែរជាទៅធ្វើជាមួយចិន វាកើតទៅជារឿងមួយដល់សព្វថ្ងៃមិនទាន់ដោះស្រាយ។ ខ្ញុំក៏មិនយល់ដែរ ដល់ពិបាកពេលខ្ញុំថាឈឺក្បាល។ ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើជាមិត្តជាមួយអាមេរិកអីក៏ពិបាកម្លេះ? បើចង់ធ្វើសត្រូវវាគួរតែពិបាក នេះគ្រាន់តែចង់ធ្វើជាមិត្តសោះក៏ពិបាកម្លេះ?»

ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើមមក ក្នុងពេលដែលកម្ពុជានិងប្រទេសចិនកាន់តែកៀកទំនាក់ទំនងកម្ពុជា-អាមេរិកហាក់ឃើញថាមានភាពរកាំរកូសនឹងគ្នាផងដែរ។

សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental College លោក អៀ សុផល មិនជឿថាការទំនាក់ទំនងកម្ពុជាអាមេរិកអាចធ្វើឱ្យប្រសើរឡើងនោះទេដោយសារទំនាក់ទំនងកម្ពុជាដែលកំពុងរីកចំរើនទៅកាន់ចិន។ ហើយទំនាក់ទំនាក់កម្ពុជា-អាមេរិកនឹងអាចបែកបាក់ថែមទៀតផងប្រសិនជាកម្ពុជាត្រូវបានគ្រប់ដណ្ដប់ដោយប្រទេសចិន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print