សហរដ្ឋអាមេរិក : នៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ។
នៅក្នុងជំនួបនេះ លោក ស្កុត ដេវីដ ផាវិន បានជម្រាបសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមការងាររបស់លោកបានធ្វើការងារជាច្រើនជាមួយស្ថានទូតកម្ពុជាប្រចាំនៅអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ។ បន្ថែមពីលើនោះ ក្រុមហ៊ុនរបស់លោក បានទាក់ទងជាមួយថ្នាក់ដឹកនាំរបស់អាមេរិក នៅស្ថាប័នសភា ក៏ដូចជារដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យអាមេរិកយល់ពីជំហររបស់កម្ពុជាទាំងទំនាក់ទំនងទ្វេភាគី ការងារអាស៊ាន ការងារអន្តរជាតិ។ ជាពិសេសគោលជំហររបស់កម្ពុជាពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន ការបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងការខិតខំរបស់កម្ពុជាខាងផ្នែកមនុស្សធម៌។ លោក ស្កុត បានឲ្យដឹងទៀតថា តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័នសភា និងរដ្ឋាភិបាលអាមេរិកនោះ លោកបានគូសរំលេចថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមកនេះ ជារឿងដ៏ល្អ ដែលគួរតែអបអរសាទរ និងផ្តល់តម្លៃសម្រាប់កម្ពុជា។
នៅចំពោះថ្នាក់ដឹកនាំ និងសហការីក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នាពេលបច្ចុប្បន្ន បានឈានដល់កម្រិតល្អប្រសើរមួយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលអាមេរិកមិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងជាមួយកម្ពុជា គឺបានមានក្នុងពេលធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច ដូចជាការជួយឱ្យមានទីតាំងស្ថានទូតជាក់លាក់ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ កាន់តែកត់សម្គាល់ទៀតនោះ ក្នុងរយៈពេល ៤ខែឆ្នាំ២០២២ ទំហំ ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក មានកំណើនគួរឱ្យសម្គាល់ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះកម្ពុជា បាននាំទំនិញទៅកាន់សហរដ្ឋអាមេរិក កើនឡើងដល់ទៅ ៤៤ភាគរយ។
សម្តេចតេជោ បានណែនាំទៅក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលរបស់អាមេរិកថា មានកិច្ចការមួយចំនួនទៀត ដែលត្រូវធ្វើបន្ត គឺធ្វើយ៉ាងណាកុំឱ្យមានការភ័ន្តច្រឡំលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូចជាកន្លងមកអាមេរិក មានការចោទប្រកាន់លើកំពង់ផែរាមថា មានវត្តមានយោធាចិន ដែលជារឿងមិនត្រឹមត្រូវ និងមិនពិត ព្រោះកម្ពុជាមានគោលជំហរច្បាស់លាស់ ដោយប្រកាន់នយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាគ្មាននយោបាយជ្រើសរើសរវាងចិន និងអាមេរិកនោះទេ។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីគោលជំហរនយោបាយការបរទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការផ្អាកធ្វើសមយុទ្ធជាមួយអាមេរិកកាលពីឆ្នាំ២០១៧ផងដែរ។ ការផ្អាកនោះ គឺដោយសារកម្ពុជា ត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ មិនមានបំណងបង្អាក់ទំនាក់ទំនងផ្នែកយោធាជាមួយអាមេរិកនោះឡើយ។ សម្តេចតេជោ ក៏បានបញ្ជាក់ពីការអនុញ្ញាតឱ្យនាវាប្រទេសនានាចូលចតនៅកំពង់ផែរបស់កម្ពុជា ដែលជាការបង្ហាញឱ្យឃើញនូវការធ្វើទំនាក់ទំនងដោយបើកចំហររបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្ត។
សម្តេចតេជោ បានលើកឡើងដែរថា សហរដ្ឋអាមេរិក បានជួយការអភិវឌ្ឍជាច្រើននៅកម្ពុជា ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និងការផ្តល់វ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម៕