(តពីលេខមុន)
គ.សង្គមជីវិតនៃបរិស្ថានធម្មជាតិ:
ជីវិតវិញ្ញាណរបស់រុក្ខជាតិ អ្នកវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវរកឃើញដោយច្រើន។ អត្ថបទទស្សនាវដ្តីអង្គរធំឆ្នាំទី ៧ ច្បាប់លេខ ១៤៨ ចុះថ្ងៃទី ១៥.០៥.២០០៦ បានចុះផ្សាយបញ្ហានេះក្រោមចំណងជើងថាដើមឈើក៏មានអារម្មណ៍ដូចមនុស្សដែរ។ខ្ញុំសូមចម្លងអត្ថបទនេះទាំងស្រុងជូនដូចខាងក្រោម
មិនគួរជឿក៏មិនកើតដែរ ដើមឈើមានអារម្មណ៍ច្រើនជាងយើងនឹកស្មានមិនដល់ទៅទៀត។អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យរួ តំបន់បូជុម (Bochum)ប្រទេសអាល្លឺម៉ង់បានរកឃើញថាមែកធាងរបស់ដើមឈើមានរំញោចអារម្មណ៍ក្នុងការប៉ះពាល់ខ្លាំងជាងចុងម្រាមដៃមនុស្សទៅទៀត។
មែកធាងរបស់ដើមឈើមានប្រតិកម្មរហ័សទប់នឹងពន្លឺព្រះអាទិត្យ ហើយដើមឈើខ្លះពេលរងនូវគ្រោះថ្នាក់វានឹងការពារខ្លួនឯងដោយការបញ្ជូនក្លិនដែលមានជាតិពុលចេញមក។អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យបោនប្រទេសអាល្លឺម៉ង់អះអាងថាអ័រម៉ូនរបស់ដើមឈើក៏មានសភាពតប់ប្រមល់ដូចគ្នាដែរ ដូចជា ប្រសិនណាបើអាកាសធាតុត្រជាក់រងាវានឹងបញ្ចេញអ័រម៉ូន(Ethylen)ចេញមក។
ដូច្នេះ ចូរឈប់កាប់ដើមឈើទៀត ព្រោះដើមឈើក៏មានអារម្មណ៍ឈឺចាប់ដូចមនុស្សដែរ។
ប៉ុន្តែបញ្ហាជីវិតវិញ្ញាណនៅក្នុងស្ថានប្រព័ន្ធដី ទឹក ភ្លើងខ្យល់អាកាស គឺមានតែព្រះសម្មាសម្ពុទ្ធមួយអង្គដែលបានរកឃើញព្រមទាំងបានត្រាស់ដឹងថាសភាវៈនៃកិលេសរបស់សង្គមមនុស្សបានជះឥទ្ធិពលជាអន្តរកម្មនៅក្នុងស្ថានប្រព័ន្ធធម្មជាតិ ធ្វើឲ្យធម្មជាតិមានវិបត្តិជាពិសេសបញ្ហាចំណីអាហារភ្លៀងផ្គរកើតមានជាបន្តបន្ទាប់ចាប់តាំងពីយុគ្គសម័យកប្បចម្រើនឡើងដំបូងម្ល៉េះ បញ្ហាវិបត្តិរបស់សង្គមមនុស្សកើតឡើងអាស្រ័យវិបត្តិរបស់ធម្មជាតិ មនុស្សក៏ចាប់ប្រជុំគ្នារកដំណោះស្រាយ ប៉ុន្តែរកមិនឃើញនូវមូលហេតុ។ អំពើអកុសលរបស់មនុស្សកាន់តែចម្រើនឡើងក៏មិនអាចបន្សុាត់បង់បាន។ ចុងក្រោយមនុស្សបានសម្រេចចិត្តរកអ្នកដឹកនាំដែលមានសមត្ថភាពគ្រប់គ្រងដោះស្រាយបញ្ហាសម្រាប់ពួកគេចាប់តាំងពីពេលនោះមកដែរ។
រូបធាតុ ដី ទឹក ភ្លើងខ្យល់ អាកាស ជាធម្មជាតិបរិសុទ្ធស្អាតបំផុតទើបចំហាយនៃប្រតិកម្មរបស់រូបធាតុទាំង ៥ តាក់តែងបានជាវិញ្ញាណធាតុ ក៏ជាសភាវៈដ៏បរិសុទ្ធបំផុតដែរ។ ឃើញថាឋានអាភស្សរព្រហ្មជាទីស្ថានដ៏បរិសុទ្ធកាលពួកអាភ័ស្សរព្រហ្មឧប្បត្តិកើតឡើងនៅទីនោះ ក៏ជាសត្វដ៏បរិសុទ្ធដោយឈានចិត្តដែរទើបកើតនៅឋានព្រហ្មលោកបាន។ ពួកព្រហ្មលោកមានបីតិជាអាហារ ត្រាច់ទៅក្នុងអាកាសបានដោយរិទ្ធរស់នៅក្នុងវិមានទិព្វឃើញថា ជាកន្លែងដែលបរិសុទ្ធស្អាតល្អ រមែងបានជាកន្លែងរស់នៅរបស់សត្វបរិសុទ្ធតែម្យ៉ាងដែរ។ កាលបើរូបធាតុទាំងប្រាំជារបស់បរិសុទ្ធផូរផង់ត្រូវសង្ខារលោកតាក់តែងបានជាវិញ្ញាណធាតុនេះ ក៏ជាសភាវៈបរិសុទ្ធដូចមេធាតុដើមរបស់ខ្លួនដែរ។
ការសិក្សាស្រាវជ្រាវអំពីលោកធាតុធម្មជាតិឃើញសុទ្ធតែជាសភាវៈបរិសុទ្ធដែលជាមេធាតុ មេជីវិត វិញ្ញាណ របស់មនុស្សនោះ។ ធម្មជាតិជាសភាវៈមិនមានកិលេស មានតែវិញ្ញាណធាតុដ៏បរិសុទ្ធផូរផង់។ ឯមនុស្សជាតិជាសត្វមានវិញ្ញាណធាតុប្រកបដោយកិលេសដែលជាធាតុពុល។
(នៅមានត)