ខេត្តបាត់ដំបង : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថា, នាព្រឹកថ្ងៃសៅរ៍ទី១៤ ខែឧសភា ឆ្នាំ២០២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
នាឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍រំលឹកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ តំបន់នេះ ជាសមរភូមិប្រទាញប្រទង់យ៉ាងស្រួចស្រាវ រវាងម្ខាងជាកម្លាំងរដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសជាតិ និងម្ខាងទៀតជាកម្លាំងខ្មែរក្រហមដែល នៅសេសសល់ ដែលធ្វើឱ្យយើងជួបប្រទះនូវសោកនាដកម្ម អសន្តិសុខទទួលរងនូវការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិតប្រជាពលរដ្ឋ អូសបន្លាយរហូតចុងឆ្នាំ១៩៩៨ ទើបទទួលបាននូវសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើម និងអនុវត្តដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីយ៉ាង នេះក៏ដោយតំបន់នេះក៏នៅជួបប្រទះការលំបាកខ្លាំង ដែលបណ្ដាល មកពីគ្រោះធម្មជាតិ និងការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជីវភាព ប្រជាជននៅមានកម្រិតទាប លំបាកក្នុងការទទួលសេវាផ្សេងៗពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះដែរ សម្តេច ក៏បានផ្តួចផ្តើមស្នើសុំរាជ រដ្ឋាភិបាល ដើម្បីបង្កើតតំបន់នេះទៅជារដ្ឋបាលស្រុកនាឆ្នាំ២០០៩ ដោយផ្តាច់ចេញនូវឃុំព្រៃត្រឡាច និងឃុំព្រែកជីកពីស្រុកមោងឬស្សី និងបានបំបែកជា៣ឃុំបន្ថែមទៀតក្នុងពេលបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ ធ្វើឱ្យស្រុករុក្ខគិរីបច្ចុប្បន្នមាន០៥ឃុំ។
លើសពីនេះទៀត សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា បន្ទាប់ពីប្រទេសជាតិទទួលបានសន្តិភាពទាំងស្រុងនាចុងឆ្នាំ១៩៩៨ និង បន្ទាប់ពីរដ្ឋបាលស្រុករុក្ខគិរីត្រូវបានបង្កើតឡើង ស្រុករុក្ខគិរីក៏ដូចជាតំបន់នានានៅទូទាំងប្រទេស មានការវិវឌ្ឍន៍រីកចម្រើនប្រែប្រួលមុខមាត់ថ្មីទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ទំនប់ប្រឡាយ មធ្យោបាយធ្វើដំណើរ ទឹក ភ្លើង សាលារៀន មណ្ឌលសុខភាព មុខរបរ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ប្រជាជនស្រុករុក្ខគិរី កំពុងមានការវិវឌ្ឍន៍ប្រែប្រួល រីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។
ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម បានលើកឡើងបន្តថា កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ក៏ដូចជាកម្ពុជា ដោយសារផលប៉ះពាល់អវិជ្ជមានបញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមកបណ្តាលមកពីជំងឺកូវីដ-១៩។ ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ខណៈដែល វិស័យអប់រំក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទសាលារៀន ទោះបីសិស្សនៅបន្តអាចរៀនតាមអនឡាញក្តី។ ឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ត្រូវរងផលប៉ះពាល់ខ្លាំង ប៉ុន្តែជារួម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការប្តេជ្ញាចិត្តខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃម្ខាងប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយវិធាន ៣កុំ ៣ការពារ គឺការទប់ស្កាត់ និងរុករកការឆ្លង ការពង្រឹងសមត្ថភាពព្យាបាលនិងការប្រើប្រាស់ថ្នាំ និងការអនុវត្តដោយហ្មត់ចត់នូវវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដៃម្ខាងទៀតអនុវត្តនូវកញ្ចប់គោលនយោបាយអន្តរាគមន៍សង្គម និងសេដ្ឋកិច្ច។ ប្រការខាងលើនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសមួយក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់ជាងគេ និងធ្វើឱ្យកម្ពុជាសម្រេចបាននូវភាពសាំក្នុងសហគមន៍នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ សម្រាប់ការការពារអាយុជីវិតប្រជាជន និងសម្រាប់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចពេញលេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ស្របជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី មាន ប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់នៅក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញអនុវត្តកម្មវិធីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឱ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងបរិការណ៍ ដែលយើងត្រូវបន្តប្រឈមនឹងហានិភ័យ នៃវិបត្តិជំងឺកូវីដ-១៩ រួមជាមួយនឹងកាតព្វកិច្ចក្នុងការធានាអនុវត្តឱ្យបានជោគជ័យ នៃការបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពិសេសគឺការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ការបន្តចាត់តាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ខាងមុខ ស្របតាមអាណត្តិ ដែលបានកំណត់គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៕
ដោយ៖ សិលា