សហរដ្ឋអាមេរិក : នៅវេលាម៉ោង៦ និង៥០នាទីព្រលប់ ម៉ោងនៅនៅប្រទេសកម្ពុជា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល នៃកម្ពុជា កំពុងអញ្ជើញរៀបចំដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកពីទីក្រុងវ៉ាស៊ីនតោន ឌីសុី សហរដ្ឋអាមេរិក មកកាន់មាតុប្រទេសវិញ ។ នេះបើយោងតាមរយៈសាពិសេសតាម ប្រព័ន្ធ channel Telegram របស់សម្តេច។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ពេលនេះខ្ញុំព្រះករុណាខ្ញុំ កំពុងរៀបចំចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ដើម្បីវិលត្រលប់ទៅកាន់ប្រទេសវិញ ។ ថ្ងៃនេះផងដែរឬក៏ថ្ងៃខួប ចម្រើនព្រះជន្មព្រះវស្សា របស់ព្រះមហាក្សត្រ ជាទីសក្ការៈ របស់យើង ដែលទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាបងប្អូនជនរួមជាតិរបស់យើង ទទួលបាននូវការឈប់សម្រាក ក្នុងរយៈពេល១ថ្ងៃ ជាពិសេសគឺមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ របស់យើង។
សម្តេចមានប្រសាសន៍បន្តថា, ខ្ញុំសូមយកឱកាសនេះ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលរស់នៅសហរដ្ឋអាមេរិកនិង កាណាដា ដែលបានមកទទួលខ្ញុំ ព្រះករុណាខ្ញុំ និងជួបសំណេះសំណាលជាមួយខ្ញុំ ព្រះករុណាខ្ញុំ យ៉ាងសប្បាយរីករាយ ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការ អរគុណនិងមានមោទនភាព ចំពោះបងប្អូនជនរួមជាតិដែលបាន មករស់នៅក្រៅប្រទេស ហើយពេលនៅសហរដ្ឋអាមេរិក និងកាណាដា ដែលមកចូលរួមជាមួយខ្ញុំព្រះករុណាខ្ញុំ ក្នុងភាពថ្លៃថ្នូរ ដោយមិនធ្វើការតបតណាមួយ ជាមួយនឹងក្រុមអមិត្ត ដែលតែងតែបង្កហេតុ បើទោះបីជាឧបយហេតុកើតឡើង ប៉ុន្តែបងប្អូនយើងបានរក្សានូវការអត់ធ្មត់ ដោយការអំពាវនាវរបស់ខ្ញុំ ព្រះករុណាខ្ញុំ សូមបងប្អូនបន្តការ អត់ធ្មត់តទៅទៀតជាមួយនឹងសកម្មភាពញុះញង់ វ៉ៃប្រហារបងប្អូន ដែលជាឥរិយាបថ នៃភាពជ្រុលនិយម របស់ពួកក្រុមប្រឆាំង ដែលចាត់ទុកថា ជាវីរជន នៅពេលដែលគេបានរំលោភបំពានលើច្បាប់ និងបង្ហាញនូវសារជាតិ ជាអំពើហិង្សា ជ្រុលនិយម ។ សម្តេចបន្តថា, ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយបងប្អូន ជនរួមជាតិដែលរស់នៅអាមេរិក និងកាណាដា រក្សាបាននូវភាពថ្លៃថ្នូរ និងគោរពច្បាប់នៃសហរដ្ឋអាមេរិក ហើយក៏ទទួលបាននូវការរាប់អានជាមួយ និងខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណៈប្រតិភូ ជាមួយបងប្អូនក្នុងពេលដែលស្នាក់នៅទីនេះ។
សម្តេចថ្លែងថា, ខ្ញុំព្រះករុណាខ្ញុំ ក៏សូមជូនជាព័ត៌មានបន្ថែមថា, ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំក៏បានទទួលព័ត៌មាន អំពីការគ្មានកូវីដថែមទៀត ។ ដូច្នេះ ៨ថ្ងៃជាប់គ្នា យើងពុំមានកូវីដ សូម្បីមួយករណី។ សង្ឃឹមថា, នឹងបានវិលទៅជួបបងប្អូនជនរួមជាតិ នៅថ្ងៃស្អែក នឹងចេញនៅវេលានេះ នៅឯប្រទេសកម្ពុជា ល្ងាចថ្ងៃទី១៤ រួចទៅហើយ ហើយនៅឯណេះព្រឹកថ្ងៃទី១៤។ ដូច្នេះពេលខ្ញុំព្រះករុណាខ្ញុំទៅដល់ ទីក្រុងភ្នំពេញ គឺចំថ្ងៃទី១៥ ។
សម្តេចបន្ត, សូមថ្វាយព្រះពរសារជាថ្មីម្តងទៀត ចំពោះព្រះករុណាជាអម្ចាស់ ក្នុងពិធីចម្រើនព្រះជន្ម របស់ព្រះអង្គ សូមប្រគេនពរ ជូនពរចំពោះ ព្រះតេជគុណព្រះសង្ឃគ្រប់ ព្រះអង្គ និងបងប្អូនជនរួមជាតិ សូមជួបប្រទះ និងពុទ្ធិពរ ទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជម្រាបលាចំពោះបងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ពីចម្ងាយ ៕
ដោយ : សុខ ខេមរា