ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
វិញ្ញាណធាតុកើតឡើងដំបូងជាសភាវៈបរិសុទ្ធកាល លោភៈ ទោសៈ មោហៈ កើតរលត់ជាមួយរមែងមិនបរិសុទ្ធដូចដើម សម្គាល់បានថា បុគ្គលមិនបរិសុទ្ធ។ កិលេសជាសភាវៈដែលក្តៅ កាលកើតរលត់ជាមួយនឹងចិត្តក៏រមែងនាំឲ្យចិត្តត្រជាក់ប្រែទៅជាក្តៅធម្មតា។ ចិត្តក្តៅរមែងញ៉ាំងកាយកម្ម វិចីកម្ម ឲ្យប្រព្រឹត្តទៅយ៉ាងក្តៅជាធម្មតា។ កិលេសជារបស់ក្តៅរមែងកើតឡើងបានអាស្រ័យមោហៈ ជាសភាវៈមិនដឹង ជាសភាវៈល្ងង់ខ្លៅ មិនដឹងតាមពិត កាល លោភៈកើតឡើង មោហៈនេះរមែងទុកបណ្ដោយឱ្យលោភចិត្ត ស្ទុះទៅរកវត្ថុជាទីប្រាថ្នាយ៉ាងពុះកញ្ជ្រោលទុកបណ្ដោយឲ្យសេចក្តីសប្បាយរីករាយ ស្ទុះទៅរកវត្ថុជាទីពេញចិត្តយ៉ាងញាប់ញ័រ ឬកាលបើទោសចិត្តកើតឡើងចំពោះវត្ថុណា សត្វណា ដែលមិនជាទីស្រឡាញ់ពេញចិត្ត មោហៈនេះរមែងរុញបណ្ដោយឲ្យទោសៈដែលជាសភាវៈក្តៅនេះ ចេះតែកើតរលត់ក្តៅក្រហល់ក្រហាយឡើងៗចំពោះសត្វនិងសង្ខារដែលខ្លួនកំពុងស្អប់ខ្ពើមនោះ ដោយឥតបានដកឃ្លាទុកឱកាសឲ្យការត្រិះរិះពិចារណា កើតតួបញ្ញាស្វែងរកហេតុផលល្អ អាក្រក់ តាមសភាវៈពិតនោះបានឡើយ។
តាមការកត់សម្គាល់ថាមពលរបស់មនុស្សមានពីរបែបគឺ ថាមពលខាងកម្លាំងចិត្ត និងថាមពលខាងកម្លាំងកាយ។ថាមពលទាំងពីរនេះមានតម្រូវការប្រភពជាធាតុតែម្យ៉ាងគឺឱជៈរបស់ចំណីអាហារ ដែលមនុស្សបរិភោគពោលគឺកម្លាំងចិត្តក៏ត្រូវការចំណីអាហារ កម្លាំងកាយក៏ត្រូវការចំណីអាហារមួយនេះដូចគ្នា។ ដូច្នេះចិត្តដែលកើតរលត់ភ្លាមៗយ៉ាងរហ័សប្រកបដោយសភាពពុះកញ្ជ្រោលទៅបាន គឺទាមទារនូវកម្តៅដែលជាថាមពលកើតឡើងដោយសារចំហេះរបស់សារធាតុអាហារនេះ។ កាលបើចិត្តធ្វើការកាន់តែច្រើន តម្រូវការថាមពលក៏កាន់តែច្រើន ជាហេតុនាំឲ្យកម្ដៅរបស់ចិត្តឡើងកាន់តែខ្ពស់ រូបកាយក៏មានកំដៅកាន់តែខ្លាំងឡើងៗដែរ ទើបលោភចិត្តទោសចិត្ត មានឈ្មោះថាជារបស់ក្តៅដែលហៅថាកិលេសនោះ។
ឱជៈរបស់ចំណីអាហារ តាក់តែងបានជាឈាមៗ តាក់តែងបានជារូបរាងកាយទ្រទ្រង់ជីវិតវិញ្ញាណរបស់មនុស្ស។ ឈាមជាឥន្ធនធាតុសម្រាប់បង្កើតកម្លាំងកាយ និង កម្លាំងចិត្ត។ ឈាមក្រហមកាលត្រូវធាតុភ្លើងដុតឲ្យឆេះឡើងរមែងក្លាយទៅជារបស់ក្តៅ។ ឈាមក្រហមជាមេជីវិតវិញ្ញាណទើបកាលចិត្តកើតរលត់ជាមួយកិលេដដែលជារបស់ក្តៅឈាមរវែងមានកម្ដៅឡើងខ្ពស់ជាធម្មតានាំឲ្យសម្ពាធចរន្តឈាមក៏រមែងឡើងខ្ពស់ជាងប្រក្រតីបង្កើតបានជាជំងឺប្រចាំការមួយ។ឈាមដែលត្រូវភ្លើងឆេះនោះ រមែងមកកើតបានជាកាកសំណល់ រឹង រាវ ឧស្ម័នពុលនៅក្នុងសរីរាង្គរបស់មនុស្ស។
ដូច្នេះឥទ្ធិពលជាអវិជ្ជមានរបស់កិលេសគឺធ្វើឲ្យចិត្តក្តៅផង ឱ្យរាងកាយផង បង្កើតជាសារធាតុពុលដ៏ច្រើននៅក្នុងសរីរៈផង បង្កើតបានជាជំងឺច្រើនប្រការផង ធ្វើឱ្យសម្បុរសាច់ឈាមស្រអាប់មិនភ្លឺថ្លារលោងស្រស់ថ្លាផង ហត់នឿយអត់ប្រយោជន៍ផង។ សំខាន់ជាងនេះទៅទៀតលោភៈ ទោសៈ មោហៈ នេះហើយដែលបានញ៉ាំងឱ្យវិញ្ញាណធាតុដែលជារបស់បរិសុទ្ធប្រែក្លាយទៅជារបស់ពុល ទើបចិត្តពុលដែលជាកិលេសនេះ ញ៉ាំងកាយកម្ម វចីកម្ម ឲ្យប្រព្រឹត្តទៅមានលក្ខណៈជាបែបពុះកញ្ជ្រោល ញាប់ញ័រ ទាំងទទឹងទិសមិនត្រូវចំហេតុទំនើងពិត នៃតម្រូវការពិតរបស់ជីវិត។
មនុស្សដែលមានចិត្តក្តៅជាកិលេសជាសភាវៈពុល កាលញ៉ាំងកម្មឲ្យប្រព្រឹត្តទៅជាអំពើទុច្ចរិត ជាអំពើអាក្រក់ ការទទួលផលកម្មក៏ជារបស់ពុល ជារបស់អាក្រក់តែម្យ៉ាង មិនត្រឹមតែនៅក្នុងសង្គមមនុស្សប៉ុណ្ណោះទេ គឺរូបធាតុពុលវិញ្ញាណធាតុពុលនេះបានជះឥទ្ធិពលផ្សព្វផ្សាយនៅក្នុងបរិយាកាស ទៅក្នុងដី ទឹក ភ្លើងខ្យល់ នៅក្នុងបរិស្ថានធម្មជាតិដែលនៅជុំវិញខ្លួនយ៉ាងប្រាកដមិនអាចចៀសផុតព្រោះតែជាសភាវៈធាតុតែម្យ៉ាង តែមួយប្រភេទដូចគ្នា៕
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print