ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិតបានមានប្រសាសន៍ថា ការសន្យានិងការរង់ចាំសន្យាមិនមែនជាជម្រើសល្អនោះទេ។
ការមានប្រសាសន៍បែបនេះធ្វើឡើងនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២ពេលលោកចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកបក្សនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិបាវិតលើ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ។
ក្នុងឱកាសនោះ លោកលឹម សៀងហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់លោកម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្តស្វាយរៀងចំពោះបងប្អូនប្រជាពលរដ្ឋក្នុងភូមិបាវិតលើ និងភូមិច្រកលាវ សង្កាត់បាវិតទាំងអស់។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ បរិបូរណ៍ ពង្រឹងបានធ្លុងសាមគ្គីភាពជាតិ រក្សាបានស្ថិរភាពនយោបាយ ជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជាតិកម្ពុជាទាំងមូល និងជាមូលដ្ឋានមិនអាចខ្វះបានក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព។
មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឱ្យខាងតែបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមនឹងនេះ លោកប្រធានក៏បានផ្តាំផ្ញើដល់ប្រជាពរដ្ឋទាំងអស់ថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម…។ល។ដោយ តាមរយៈការរស់នៅស្អាត ហូបស្អាត និងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ និងត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុបោះឆ្នោតឱ្យពិនិត្យមើលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតឡើងវិញ បើមានការបាត់បង់ ឬខុសឆ្គង ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាននិងសូមប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានទាំងអស់គ្នា៕ ដោយសុថាន