ខេត្តកំពង់ស្ពឺ : នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា, យើងអាចផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានស្វែងរកចំណូលបន្ថែមពីលំហូរទេសចរដែលមកទស្សនា កម្សាន្តជាពិសេសនៅតំបន់ខ្នងផ្សារ និងខ្នងក្រពើ ។
លោកតំណាងរាស្ត្រ បានលើកឡើងថា, ព្រឹកនេះខ្ញុំបានមកដល់ក្បែរភ្នំខ្នងផ្សារ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលផ្សេងៗទៀត។ ឆ្លងកាត់ការធ្វើដំណើរតាមដងផ្លូវនៅក្នុងស្រុកឱរ៉ាល់នេះ អាចថាខ្ញុំអាចធ្វើជាសាក្សី នៃទេសភាពដ៏ស្រស់ស្អាត រួមជាមួយការអភិវឌ្ឍពីមួយដំណាក់កាល ទៅមួយដំណាក់កាលនៃតំបន់នេះ ដែលនេះជាសក្តានុពលនៃខេត្តកំពង់ស្ពឺយើង។ សក្តានុពលទាំងនេះ បានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានស្វែងរកចំណូលបន្ថែមពីលំហូរទេសចរដែលមកទស្សនា កម្សាន្តជាពិសេសនៅតំបន់ខ្នងផ្សារ និងខ្នងក្រពើ ជាដើម។
លោក ហ៊ុន ម៉ានី បានបន្តថា, លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន ប្រាកដជាបានឃើញហើយថា គ្រប់វិស័យទាំងពុទ្ធិចក្រ និងអាណាចក្រសុទ្ធតែមានការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់។ ទាំងអស់នេះ កើតឡើងដោយសារកត្តានៃសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ ទៅដល់គ្រប់ចុងកាត់មាត់ញក ឬតំបន់ដាច់ស្រយាលនានាទូទាំងប្រទេស។ ក្នុ្ងងនាមជាតំណាងរាស្ត្រ ខ្ញុំពិតជាមានសេចក្តីរីករាយ និងថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទើបយើងមានសមិទ្ធផលនានា ជាក់ស្តែងគឺដូចអ្វីដែលយើងបានដាក់សម្ពោធនៅថ្ងៃនេះដូច្នេះដែរ ៕
ដោយ : សិលា