ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
បន្ទាប់ពីសុន្ទរកថា និងរបាយការណ៍ស្វាគមន៍របស់លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហាររួចមក សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរតាម ព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះបានបំពេញបេសកម្មរបស់ខ្លួនប្រកបដោយជោគជ័យដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។ អញ្ចឹងទេបេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ណាស់ដែលបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទាន បានដោយសុខស្រួល។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអរគុណ ចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថាសម្តេចពិតជាមានជំនឿយ៉ាងមុតម៉ាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត។ ហើយដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំទោះបីមានជំងឺកូវីដ-១៩ បានរំខានយើង ប៉ុន្តែយើងក៏រកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នាអនឡាញនានា ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ឆ្នាំបន្តទៀតដោយគ្មានការអាក់ខាន នេះគឺជាមោទភាព។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា ថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលគាត់មានដើមកំណើតនៅខេត្តចម្ប៉ាសាក់នេះដែរ ហើយក៏បានយកចិត្តទុកដាក់ ដើម្បីនិងបង្កលក្ខណៈសម្បត្តិនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ពិសេសគឺការរួមគ្នាដើមប្បីប្រយុទ្ធប្រឆាំងនិងបទល្មើសឆ្លងដែន ក្នុងនោះមានការជួយដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាយើងក៏បានបង្ក្រាបជាច្រើនករណី ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ហូរចូលពីឡាវ ចូលមកកម្ពុជាយើងក៏បានឯកភាពគ្នាថា ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការនេះទេនោះគ្រឿងញៀនសំយោគនេះ វាកាន់តែគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ អញ្ចឹងហើយយើងតែងតែរក្សាខ្ជាប់នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកិច្ចសហការក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះ គឺថាបទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាខ្លាំង។
បន្ថែមពីនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព នោះយើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេសជាតិ ដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេសមានសង្គ្រាមយើងមិនអាចធ្វើអី្វបានទេ រស់នៅផ្ទះក៏មិនបាន បង្ករបង្កើនផលក៏មានការលំបាក កូនចៅមិនអាចទៅរៀនសូត្របានគ្មានឱកាស ប៉ុន្តែឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញដែលជាឱកាសមាស ឱកាសប្រាក់របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ អញ្ចឹងការកសាង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគនាគមន៍ ឬក៏វិស័យដទៃទៀត
ដែលនៅទីនេះយើងកំពុងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទិកាបុណ្យអុំទូក វាមិនធំទេ ក៏ប៉ុន្តែវាមានលក្ខណៈថា ជាសមិទ្ធផលមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍គូសបញ្ជាក់ថា នៅសល់បួនថ្ងៃទៀត គឺជាថ្ងៃចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ យើងបានដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ បានចំនួនបួនលើករួចមកហើយ អាណត្តិនិមួយៗ មានរយៈពេល៥ឆ្នាំ មានន័យថា២០ឆ្នាំរួចហើយ លើកនេះគឺជាអាណត្តិទី៥ ដែលមានរយៈពេល៥ឆ្នាំទៀត កម្ពុជាយើងអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា របបនយោបាយរបស់កម្ពុជា គឺប្រកាន់យករបប់ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយអំណាចទាំងឡាយគឺកើតចេញពីប្រជាពលរដ្ឋ ការបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្រ តំណាងរាស្ត្រជួបជុំគ្នា នៅវិមានរដ្ឋសភា ពេលចូលកាន់ដំណែងហើយនោះ និងបោះឆ្នោតតែងតាំងរដ្ឋាភិបាលថ្មី នេះគឺជារបបនយោបាយរបស់យើង ដែលយើងប្រកាន់យកតាំងពីឆ្នាំ១៩៩៣មក យើងបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន៦លើករួចមកហើយ បើគិតពីឆ្នាំ១៩៩៣ រហូតមកទល់ឆ្នាំ១៩៩៨ នៅឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងដំណើរបោះឆ្នោតជ្រើសរើសតំណារាស្ត្រអាណត្តិទី៧ ឃុំបោះឆ្នោតជ្រើសរើសអាណត្តិទី៥ ឯតំណាងរាស្ត្របោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិទី៧ ហើយបន្ទាប់ពីនោះ យើងនិងមានការបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទោះបីថាការបោះឆ្នោតនេះ មិនមែនជាការបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋក៏ប៉ុន្តែក៏ជាការបោះឆ្នោតមួយ ដែលស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេ្យ សេរី ពហុបក្សផងដែរ។ យើងមានការបោះឆ្នោតផ្ទាល់ពីប្រជាពលរដ្ឋចំនួនពីរ នោះគឺការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយយើងមានការបោះឆ្នោត អសកល ចំនួនពីរទៀត គឺបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះគឺជាគោលកាណ៍ ជាគន្លឹះឬក៏អាចថាជាកត្តា កំណត់ ដែលនាំអោយកម្ពុជា មានសុខសន្តិភាព មានស្ថិរភាព មាននិរន្តរភាព ការពិតហើយយើងបានមកសន្តិភាពសព្វថ្ងៃនេះ គឺឆ្លងកាត់ សង្គ្រាម បង្ហូរឈាម ប៉ុន្តែក្រោយពីយើងមានកិច្ចព្រមព្រៀងមកយើងក៏បានប្រកាន់យកនូវរបបប្រជាធិបតេ្យសេរីពហុបក្សនេះ ហើយដំណើរបោះឆ្នោតជាបន្តបន្ទាប់រហូបមកទល់ពេលនេះ យើងបោះឆ្នោតបានចំនួន១៦លើករួចមកហើយ ទាំងការបោះឆ្នោតផ្ទាល់ និងការបោះឆ្នោតមិនផ្ទាល់។ យើងចាត់ទុកថាការបោះឆ្នោតឃុំ ដែលនិងខិតជិតមកដល់នៅពេលឆាប់នេះ ក៏ជាការបោះឆ្នោត ដែលមានសារៈសំខាន់មួយជាយុទ្ធសាស្ត្រក្នុងបំណងដើម្បីបន្ត ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅហ្នឹងមូលដ្ឋាន អោយកាន់តែរឹងម៉ាំថែមទៀត ជាការបង្កឱកាស ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ទឹកម្ចាស់ដី លោកមានសិទ្ធគ្រប់គ្រាន់ដើម្បីនិងបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំរបស់ខ្លួននៅហ្នឹងមូលដ្ឋាន ការពិតគឺថាហើយយើងដឹងទាំងអស់គ្នា ពីមុននេះអ្នកដឹកនាំនៅមូលដ្ឋានឃុំ សង្កាត់នេះ គឺកើតឡើងដោយសារការចាត់តាំង ការចង្អុលជ្រើសរើសតាមឋានានុក្រម ថ្នាក់ស្រុក ឬថ្នាក់ខេត្ត ប៉ុន្តែយើងបានបោះបង់ចោលហើយ នូវរបៀបជ្រើសតាំងបែបនេះ។ ដោយមានការគាំទ្រ ពីរដ្ឋាភិបាល តាមរយៈការផ្ទេរធនធាន ទាំងធនធានថវិកាធនធានទ្រព្យសម្បត្តិផ្សេងទៀត ក៏ដូចជាធនធានមនុស្ស មកក្រុមប្រឹក្សាឃុំសង្កាត់ គាត់ប្រើប្រាស់ធនធាននេះ ដើម្បីគាត់ចាត់ចែងកិច្ចការងារ នៅហ្នឹងមូលដ្ឋានរបស់គាត់ អភិវឌ្ឍសេដ្ឋកិច្ចជីវភាពរស់នៅជូនប្រជាពលរដ្ឋ ប្រជាពលរដ្ឋលោកមានឱកាស ពេញទីដើម្បីចូលរួមយោបល់ ទៅលើការចាត់ចែង កិច្ចការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកគាត់បានជ្រើសតាំង ហើយមានការពាក់ព័ន្ធនិងផលប្រយោជនន៍ នៅក្នុងឃុំ សង្កាត់ ដូច្នេះគឺនេះហើយជាការពង្រឹងភាពធ្វើជាម្ចាស់ មិនអាស្រ័យទៅលើ ថ្នាក់ ស្រុក ថ្នាក់ខេត្ត ថ្នាក់មជ្ឈឹម ថាអោយធ្វើបានធ្វើនោះទេ ប៉ុន្តែមានការងារខ្លះវាហួសសមត្ថភាពរបស់ឃុំ សង្កាត់ អាហ្នឹងថ្នាក់ស្រុក ថ្នាក់ខេត្តធ្វើ ប៉ុន្តែអ្វីដែលសម្តេចចង់មានប្រសាសន៍ថា អ្វីដែលគេកំណត់អោយឃុំ សង្កាត់ អ្នកធ្វើ គេអោយធនធានមកធ្វើមកចាត់ចែង គឺឃុំសង្កាត់ខ្លួនឯង រួមជាមួយប្រជាលរដ្ឋត្រូវធ្វើការងារនោះ អញ្ចឹងវាមានសារសំខាន់ណាស់ ទាក់ទងនិងបញ្ហានេះ។
សម្ដេច គូសបញ្ជាក់បន្តថា អំពីប្រព័ន្ធគ្រប់គ្រងឃុំ សង្កាត់ ឬក៏ការទទួលខុសត្រូវរបស់ឃុំ សង្កាត់ ដោយសារស្រុកជាអ្នកតែងតាំងគាត់ ខេត្តជាអ្នកតែងតាំងគាត់ ដូច្នេះគាត់ទទួលខុសត្រូវចំពោះស្រុក ចំពោះខេត្ត ប៉ុន្តែដោយសារមានកំណែទម្រង់នេះ ប្រជាពលរដ្ឋជាអ្នកតែងតាំងគាត់ ជាអ្នកបោះឆ្នោតជ្រើសតាំងគាត់ អញ្ចឹងទេក្រុមប្រឹក្សាឃុំ សង្កាត់ គាត់ត្រូវធ្វើគណនីភាព យើងអាចនិយាយសាមញ្ញថា គាត់ត្រូវទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់គាត់ជាមុនទាក់ទងនិងការអភិវឌ្ឍសដ្ឋកិច្ចសង្គម ជីវភាពរស់នៅក្នុងមូលដ្ឋានរបស់គាត់។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងសុខសន្តិភាពអោយបានយូរអង្វែងនោះ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ ធ្វើយ៉ាងណាអោយភូមិឃុំ របស់យើងមានសេចក្តីសុខ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បន្ថែមថាយើងទាំងអស់គ្នាប្តេជ្ញារួមគ្នាត្រូវយកជ័យជំនះអោយបានពីរក្នុងពេលតែមួយ ជ័យជំនះទី១ គឺសម្រាប់គណបក្ស ជ័យជំនះទី២ គឺសម្រាប់ប្រទេសជាតិ។ មានតែគណបក្សប្រជានជនកម្ពុជាទេ កាន់អំណាចបានយូរជាងគេ ហើយមូលហេតុបានយូរ គឺមិនមែនសម្លាប់គេដើម្បីកាន់អំណាចយូរទេ គឺបម្រើប្រជាពលរដ្ឋ ការពារអាយុជីវិតប្រជាលពរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើដល់រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយរលូន គ្មានអំពើហិង្សារ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិថែមផងដែរ ៕
ដោយ : សិលា