Liverpool ផ្តួលក្រុម Southampton ដើម្បីប្រជែងយកជើងឯក Premier League នៅថ្ងៃចុងក្រោយរដូវកាលនេះ

ចែករំលែក៖

លោក Jurgen Klopp បានវាយតម្លៃពីឱកាសរបស់ក្រុមហង្សក្រហមLiverpool ក្នុងការឈ្នះពាន Premier League ថា “មិនទំនង ប៉ុន្តែអាចធ្វើទៅបាន” បន្ទាប់ពីបានធ្វើការប្រជែងដណ្តើមពានរហូតដល់ថ្ងៃចុងក្រោយនៃរដូវកាលជាមួយនឹងជ័យជម្នះ ២-១ លើក្រុម Southampton កាលពីរាត្រីថ្ងៃអង្គារ។ បន្ទាប់ពី Liverpool បានយកឈ្នះ Chelsea ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដ៏ស្វិតស្វាញត្រឹមតែ៣ថ្ងៃមុន លោក Klopp នៅតែមានក្តីសង្ឃឹម ដោយក្រុមរបស់លោកមិនទាន់ស្គាល់រសជាតិចាញ់នោះទេក្នុង១០ប្រកួតចុងក្រោយនេះ ។

ថ្វីត្បិតតែក្រុមភ្ញៀវ Liverpool ដាក់សម្ពាធច្រើនជាងក្រុមម្ចាស់ផ្ទះ Southampton ក៏ដោយក៏ក្រុមម្ចាស់ផ្ទះមានឱកាសរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុននៅនាទីទី១៣ក្នុងតង់ទី១ដោយកីឡាករ Nathan Redmond ហើយនៅនាទីទី២៧ ក្រុម Liverpool បានវាយបកវិញតាមស្មើដែលជាការរកគ្រាប់បាល់បានដោយកីឡាករ Takumi Minamino ។ចូលដល់តង់ទី២ ក្រុមភ្ញៀវ Liverpool នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ Southampton រហូតដល់បំប៉ោងសំណាញ់ទីបាន១គ្រាប់ទៀតនៅនាទីទី៦៧ ដោយកីឡាករ Joel Matip។ ជ័យជម្នះនេះធ្វើឲ្យក្រុមហង្ស​ក្រហម​មាន​ត្រឹម​តែ​១ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Manchester City ដោយ​ក្រុម​ទាំង២​នៅ​សល់​មួយ​ប្រកួត​ទៀតដែលជាការប្រកួតបញ្ចប់រដូវកាលនេះ។ការ​ប្រជែង​ដណ្តើម​ពាន​សម្រាប់​ Man City នឹងគ្រងជើងឯករដូវកាលនេះប្រសិនបើ​ពួកគេ​ឈ្នះ Aston Villa នៅ​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​អាទិត្យនេះ។ ប៉ុន្តែ Liverpool នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ជា​លើក​ទី២​ក្នុង​រយៈ​ពេល​៣រដូវ​កាល ប្រសិន​បើ​ពួក​គេ​យក​ឈ្នះ Wolves នៅ Anfield ហើយ Man City បរាជ័យ។

ក្រុមរបស់លោក Klopp ត្រូវបានគេរំពឹងថានឹងអាចយកឈ្នះក្រុម Wolves ជាពិសេសឥឡូវនេះកីឡាករសំខាន់ៗរបស់ពួកគេដែលអាចត្រលប់មកក្រុមវិញ ប៉ុន្តែកីឡាករមួយចំនួនដូចជា Sadio Mane, Luis Diaz, Andrew Robertson, Thiago Alcantara និង Trent Alexander-Arnold ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​អវត្តមាន​ពេល​ប៉ះ Southampton ខណៈ Mohamed Salah និង Virgil van Dijk ត្រូវ​អវត្តមាន​ដោយសារ​របួសកាលពីប្រកួត​នៅ​កីឡដ្ឋាន Wembley ជាមួយ Chelsea ៕ (រូបភាព ៖ BBC Sport/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print