កំពង់ឆ្នាំង៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ចុះពិនិត្យ និងផ្ដល់នូវទឹកសម្រាប់ប្រើប្រាស់ដល់សាលាបឋមសិក្សាចំនួន៥ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នកំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងចម្អិនអាហារពេលព្រឹកសម្រាប់សិស្ស។ សាលារៀនចំនួន៥ រូមមាន ទី១-សាលាបឋមសិក្សាវត្តភ្នំ ទី២-សាលាបឋមសិក្សាត្រងិល ទី៣-សាលាបឋមសិក្សាពោធិ៍ ទី៤-សាលាបឋមសិក្សាកង្កែប និងទី៥-សាលាបឋមសិក្សាថ្មរៀង ។
ថ្លែងក្នុងពិធីនេះ លោករដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំដល់សិស្សានុសិស្សទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនទាំងពេលនៅសាលារៀន និងនៅផ្ទះក្នុងអំឡុងរដូវក្តៅនេះ ដើម្បីជៀសវាងនូវជំងឺឆ្លងផ្សេងៗ។ លើសពីនេះ លោកបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវជួយណែនាំសិស្សបន្ថែមទៀតអំពីវិធានការនៃការថែទាំសុខភាព និងអនាម័យដល់សិស្សានុសិស្សទាំងអស់ ដោយត្រូវអនុវត្តអនាម័យឲ្យបានខ្ជាប់ខ្ជួនផងដែរ។
លោករដ្ឋលេខាធិការ បានផ្តល់ជូនសាលារៀននីមួយៗ នូវស៊ីទែនទឹកចំណុះ ១,០០០លីត្រ ចំនួន១ ទឹកបរិសុទ្ធចំណុះ ២០លីត្រ ចំនួន ១៥ ប៊ីដុង ទឹកបរិសុទ្ធសម្រាប់សិស្សានុសិស្សក្នុង១ នាក់ ១ដប និងថវិកាក្នុង១សាលារៀន ៤០០,០០០រៀលដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកបានរយៈពេលមួយខែខាងមុខ៕
ដោយ៖ សុខ ខេមរា