ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦នេះ លោក ឡៅ ឈីវអ៊ាវ និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ លោក-លោកស្រីប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា ចុះជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ សិស្សានុសិស្ស និងចែកជូនទឹកស្អាតប្រើប្រាស់ ដល់សាលាចំនួន៤ ក្នុងស្រុកអន្លង់វែង និងសាលា១ទៀត ក្នុងស្រុកត្រពាំងប្រាសាទ ដែលកំពុងខ្វះទឹកសម្រាប់ប្រើប្រាស់ និងចម្អិនអាហារពេលព្រឹក ដល់សិស្សានុសិស្ស។
ក្នុងពិធីនេះ លោកអនុរដ្ឋលេខាធិការបានផ្ដល់ជូនសាលានីមួយៗនូវស៊ីទែនទឹកចំណុះ ១,០០០លីត្រ១ ទឹកបរិសុទ្ធចំណុះ ២០លីត្រ ចំនួន ១៥ប៊ីដុង ទឹកបរិសុទ្ធសម្រាប់សិស្សានុសិស្សក្នុង ១នាក់ ១ដប និងថវិកាក្នុង១សាលា ចំនួន ៤០០,០០០រៀល ដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកនាខែខាងមុខ ។ សាលាទាំងប្រាំរួមមាន ៖
១. សាលាបឋមសិក្សា ហ៊ុន សែន រំចេក គ្រូសរុប ៧នាក់ ស្រី ៥នាក់ សិស្សសរុប ៣៥២នាក់ ស្រី នាក់
២. សាលាបឋមសិក្សា អូរគគីកណ្ដាល គ្រូសរុប៣នាក់ ស្រី ២នាក់ សិស្សសរុប ១០២នាក់ ស្រី ៥៣នាក់
៣. សាលាបឋមសិក្សា អូរអង្រែ គ្រូសរុប ១០នាក់ ស្រី ១នាក់ សិស្សសរុប ៣១១នាក់ ស្រី ១៦៨នាក់
៤. សាលាបឋមសិក្សា អូរក្រញូង គ្រូសរុប ៣នាក់ ស្រី ០នាក់ សិស្សសរុប ៨០នាក់ ស្រី ៤៩នាក់
៥. សាលាបឋមសិក្សា តេជោ អភិវឌ្ឍន៍ គ្រូសរុប ៩នាក់ ស្រី ៥នាក់ សិស្សសរុប ៣៤០នាក់ ស្រី ១៦៨នាក់ ។
សូមបញ្ជាក់ថា សាលាទាំង៥ខាងលើ បានអនុវត្តកម្មវិធីអាហារពេលព្រឹក ក្រោមការឧបត្ថម្ភរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន សាលាទាំងនេះ កំពុងខ្វះខាតទឹកដើម្បីបន្តអនុវត្តកម្មវិធីអាហារពេលព្រឹកសម្រាប់សិស្សានុសិស្ស ។ ការអន្តរាគមន៍បន្ទាន់របស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ នឹងអាចអនុញ្ញាតឲ្យកម្មវិធីអាហារពេលព្រឹកសម្រាប់សិស្សដំណើរការបានជាបន្តទៀត៕
ដោយ៖ សីលា