ខេត្តព្រះសីហនុ៖ មានភាពភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២នៅកណ្ដាលក្រុងព្រះសីហនុដោយសារតែការដ្ឋានសំណង់មួយកន្លែង ដាច់ខ្សែរកាប្លិ៍សណ្ដោងជណ្ដើយោងបណ្តាលឲ្យកម្មករបីនាក់ស្លាប់ភ្លាមនៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះម្នាក់កំពុងសម្រាកនៅឯមន្ទីរពេទ្យនិងសពតម្កល់នៅកន្លែងតម្កល់សពមន្ទីរពេទ្យខេត្តព្រះសីហនុ។
មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា កម្មករសំណងចំនួន៤នាក់ បានស្លាប់ក្នុងករណីដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការ ដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។
មន្ត្រីនគរបាលក្រុងឲ្យដឹងថា ករណីដាច់ធ្លាក់ជណ្ដើរ យោងនៅជាន់ទី១៥នេះ បានបណ្ដាលឲ្យកម្មករ៤នាក់ស្លាប់ ក្នុងនោះ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ផ្សេងទៀតរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ប្រភពខាងលើបន្តថាកម្មករទាំង៤នាក់ ដែលស្លាប់រួម មាន៖ ទី១៖ ឈ្មោះ វល្ល៌ អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី២៖ ឈ្មោះ នូ សុីនួន អាយុ ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣, ទី៣៖ ឈ្មោះ រ៉ាន ភាស់ អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ, ទី៤៖ ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។ ខណៈអ្នករបួសដែលកំពុងសង្គ្រោះឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕
ដោយ៖ សូរិយា