ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនខណៈដែល ក្រុមជនសង្ស័យទាំងនេះសម្ងំផលិតនិងចែកចាយគ្រឿងញៀននៅទីតាំងមួយក្នុងចម្ការស្វាយជាយូរខែណាស់មកហើយ។
ការបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យជាជនជាតិចិនដែលឃាត់ខ្លួនទាំង៥នាក់នេះយើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះគឺក្រុមការងារចម្រុះដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីលោកស្រីឧត្ដមសេនីយ៍ឯក ឈឹម សិទ្ធ
បុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីសមត្ថកិច្ចជាច្រើនរូបថែមទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ យើងដកហូតបានវត្ថុតាងរួមមាន៖
១-សារធាតុគីមីផ្សំសរុបទម្ងន់៦០ គីឡូក្រាម
២-សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាម។
បន្ទាប់ពីចុះត្រួតពិនិត្យរួចមក ក្រុមការងារបានធ្វេីការបិទគ្រប់បន្ទប់ទាំងអស់ និងបានប្រគល់ឃ្លាំងខាងលើឱ្យអធិការនគរបាលស្រុកភ្នំស្រួចគ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត៕
ដោយ៖ សូរិយា