សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនខណៈដែល ក្រុមជនសង្ស័យទាំងនេះសម្ងំផលិតនិងចែកចាយគ្រឿងញៀននៅទីតាំងមួយក្នុងចម្ការស្វាយជាយូរខែណាស់មកហើយ។

ការបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យជាជនជាតិចិនដែលឃាត់ខ្លួនទាំង៥នាក់នេះយើងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
សមត្ថកិច្ចបានបន្តថា នៅមុនពេលចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះគឺក្រុមការងារចម្រុះដែលដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ និងមាន​ការ​ចូល​រួម​ពីលោកស្រីឧត្ដមសេនីយ៍​ឯក​ ឈឹម​ សិទ្ធ​
បុណ្យរិទ្ធ​ អគ្គលេខាធិការរងអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងមន្ត្រីសមត្ថកិច្ចជាច្រើនរូបថែមទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀននេះ យើងដកហូតបានវត្ថុតាងរួមមាន៖
១-សារធាតុគីមីផ្សំសរុបទម្ងន់៦០ គីឡូក្រាម
២-សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាម។
បន្ទាប់ពី​ចុះ​ត្រួត​ពិនិត្យ​រួចមក ក្រុម​ការងារ​បាន​ធ្វេីការ​បិទគ្រប់បន្ទប់​ទាំងអស់​ និងបានប្រគល់ឃ្លាំងខាងលើឱ្យអធិការនគរបាលស្រុកភ្នំស្រួចគ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print