ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ អំពីសន្តិភាព ស្ថិរភាពនយោបាយ ការឯកភាពជាតិ ឯកភាពទឹកដីដែលកើតចេញស្នាដៃនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា គឺបង្ហាញថាគណបក្សប្រជាជនកម្ពជាគឺជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថិរ និងរីកចំរើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន។
សម្ដេចបន្តថាចាប់ពីបដិសន្ធិ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ដោយប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ឈរនៅខាងប្រជាជន
រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបគ្គ ធ្វើពលីកម្មឥតរួញរា ដើម្បីកម្ពុជាមួយមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអព្យាក្រឹត និងវឌ្ឍនភាពសង្គម។
សម្ដេចបន្តថារយៈពេល៤៣ឆ្នាំនៃដំណើរការស៊ូ សង្គ្រោះអាយុជីវិតជាតិ និងប្រជាជន ដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា បានសម្រេចសមិទ្ធិផលជាច្រើន ឥតគណនា ជាប្រវត្តិសាស្រ្ត ដូចមានជាសក្ខីភាពជាក់ស្ដែងស្រាប់។ សម្ដេចបន្តថាការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីអភិវឌ្ឍឃុំសង្កាត់។
សម្ដេចបន្តថាប្រទេសកម្ពុជា ក្រោមការដឹនាំរបស់រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា បាននិងកំពុងដំណើរការទៅមុខក្នុងជំហរដ៏រឹងមាំ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សមិទ្ធផលទាំងអស់នេះបានកើតឡើងនូវក្ដីសង្ឃឹម និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាជនគ្រប់រូបនៅថ្ងៃអនាគត។
សម្ដេចបន្តថាការអនុវត្តគោលនយោបាយរបស់គណបក្សដើម្បីអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យគ្រប់ឃុំសង្កាត់ មានការអភិវឌ្ឍប្រែប្រួល នៅក្រោមម្លប់សន្តិភាព មានស្ថិរភាព ជីវភាពល្អប្រសើរ រស់នៅដោយសុខសាន្ត សុខដុមរមនា ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ពិសេសការអនុវត្តគម្រោង និងមូលនិធិថវិកា។
សម្ដេចបន្តថាប្រជាជនទាំងអស់ សុទ្ធតែទទួលបានផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់ ដូចជាការបង្កើតនិងពង្រីកមុខរបរ វិស័យកសិកម្ម មិនយកពន្ធដីកសិកម្មលក្ខណៈគ្រួសារ ការកសាងហេដ្ឋារចនាសម្ព័ន្ធឃុំសង្កាត់ ការផ្ដល់សន្តិសុខស្បៀង អាហារូបត្ថម្ភ ទឹក និងថាមពល និងការផ្ដល់សេវាសាធារណៈនានា ព្រមទាំការផ្ដល់សេរវាគាំពារសង្គមជាដើម។
ក្នុងអំឡុងពេលឆ្លងរាតត្បាតជំងឺកូវីដ-១៩ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគ្រប់គ្រងប្រទេសប្រយុទ្ធនឹងជំងឺឆ្លងនេះ ធ្វើឱ្យប្រជាជនរួចផុតពីជំងឺនេះ ពិសេសការចាក់វ៉ាក់សាំងជូនប្រជាជនដោយមិនយកកម្រៃ និងបានអនុវត្តយ៉ាងសកម្មនូវប្រព័ន្ធគាំពារសង្គមដល់អ្នករងគ្រោះខ្លាំងក្នុងវិបត្តិនេះ។
តាមរយៈសមិទ្ធផងទាំងនេះ សម្ដេចក្រឡាហោមបានអះអាងថាគណបក្សប្រជាជនកម្ពុជា បានរដឹកនាំអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ មានជាអាទិ៍មានជាអាទិ៍កសាងឃុំ សង្កាត់ឱ្យទៅជាឃុំ សង្កាត់លើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងសិទ្ធសេរីភាពប្រជាជនគ្រប់រូប ពង្រឹងសុខដុមនីយកម្ម លើកកម្ពស់សីលធម៌ មានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានបទល្មើស និងផ្ដល់សេវា
សាធារណៈឱ្យបានល្អ ដោយឥតគិតថ្លៃ ដូចជាការចុះបញ្ជីអត្តសញ្ញាណកម្ម និងចំណុចសំខាន់មួយចំនួនទៀត។
ពីវេទិកាអធិបតីនោះដែរ សម្ដេចបានណែនាំ និងផ្ដាំផ្ញើពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតឆ្នាំ២០២១ ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ លើកិច្ចការសំខាន់ៗមួយចំនួន ដូចជាត្រូវធានាថែរក្សាឲ្យបានជាប្រចាំនូវសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ធានាឲ្យសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្សយើង មានឯកសារគ្រប់គ្រាន់ សម្រាប់កាន់ទៅបោះឆ្នោត ។
សម្ដេចបានណែនាំឱ្យរៀបចំទុកដាក់ ថែរក្សាឯកសារបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនឲ្យគត់មត់ និងកាន់យកទៅជាមួយនៅថ្ងៃបោះឆ្នោត ត្រូវរៀនគូសលើសន្លឹកឆ្នោតគំរូ ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានត្រឹមត្រូវ ស្គាល់លំដាប់លេខរៀងគណបក្សយើងនៅលើសន្លឹកឆ្នោតឃុំ-សង្កាត់នីមួយៗ ធានាថាសមាជិកគណបក្ស និងអ្នកគាំទ្រគណបក្ស បានទៅបោះឆ្នោតគ្រប់គ្នា។
សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់ ការអនុវត្តតាមទិសដៅ«សមាជិកគណបក្ស ០១រូប ជាសម្លេងឆ្នោតគាំទ្រគណបក្ស ០១សន្លឹក» និងណែនាំឱ្យអំពាវនាវដល់បងប្អូន កូនចៅ ជាសាច់ញាតិ សមាជិកគណបក្សប្រជាជនកម្ពុជ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕ដោយ៖ស តារា