ភ្នំពេញៈ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “ការឃោសនា ចែកខិត្តប័ណ្ណ ការជួបជុំរបស់គណបក្សនយោបាយ គឺប្រព្រឹត្តទៅដោយមិនមាបញ្ហាអ្វីកើតឡើងនោះទេ ។ ការឃោសនាតាមរូបភាពដង្ហែជាក្បួនក៏មិនមានបញ្ហាអ្វីកើតឡើងដែរ ដែលនេះបញ្ជាក់អំពីភាពចាស់ទុំរបស់គណបក្សនយោបាយ។
លោកអ្នកពាក្យបន្តថា ខាងមន្ត្រីរៀបចំការបោះឆ្នោតក៏មានការប្រុងប្រយ័ត្ននៅពេលដែលការហែរក្បួនប៉ះមុខ គ្នានៅក្នុងខណ្ឌ ឬក៏សង្កាត់ខ្លះ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក៏មិនឃើញមានអ្វីកើតឡើងរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នានោះទេ។ ហើយអាចសន្និដ្ឋានថា ថ្ងៃទី១ នៃការឃោសនា គឺការឃោសនាបានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា មិនមានការគំរាមកំហែង ញុះញង់ និងមិនមានការបង្ខំទិញសន្លឹកឆ្នោតនោះទេ”។
ជាការកត់សម្គាល់ នៅក្នុងយុទ្ធនាការឃោសនាថ្ងៃដំបូងនៅទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា មានការហែរក្បួនឃោសនាជាទ្រង់ទ្រាយធំ និងមានអ្នកចូលរួមច្រើនជាងគណបក្សនយោបាយផ្សេងៗទៀត។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែឧសភា នេះ ។
យុទ្ធនាការឃោសនានេះ គឺមានរយៈពេល ១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០:០០យប់ ដល់ម៉ោង ៦:០០ព្រឹក។ នៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ណាអត្តិទី៥ ឆ្នាំ២០២២ នេះ គឺមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៕