ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបពណ៌ក្រហមក៏ជ្រុលទៅបុករថយន្តតូយូ៉តាព្រូសដែលកំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហុង គឹមស្រូ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញនារីរូបស្រស់២នាក់បានបើករថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BQ-8691បើកបរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបានបើកឆ្លងភ្លើងស្តុបពណ៌ខៀវ ខណៈឆ្លងបានពាក់កណ្ដាលផ្លូវស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BQ-9025ជិះតាមបណ្តោយផ្លូវលេខ២៦១ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿននិងទាំងបំពានភ្លើងស្តុបពណ៏ក្រហមក៏ជ្រុលទៅបុករថយន្ត Toyota Prius ចំពាក់កណ្តាលទ្វារចំហៀងខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសម្ចាស់ម៉ូតូដួលបែកឈាមពេញមុខរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះដែរប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុក៏បានទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះយកទៅសង្រ្គោះភ្លាមៗ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្រ្គោះបាន ក៏បានដាច់ខ្យល់ស្លាប់នៅឯមន្ទីពេទ្យតែម្តង។ ចំណែកឯរថយន្ត Toyota Prius វិញ ក្រោយពេលកើតហេតុភ្លាមៗក៏ឈប់នៅកន្លែងកើតហេតុដែរ តែក្រោយមកក៏បើកគេចខ្លួនបាត់ស្រមោលតែម្ដង ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយផ្នែកជំនាញចរាចរណ៍ចុះមកដល់ពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកបណ្ដោះអាសន្ន និងបងប្អូនជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដើម្បីតាមស្រាវជ្រាវរករថយន្តនិងម្ចាស់មកដោះស្រាយតាមនីតិវិធី។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ