ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បាននិយាយថា ក្តីសុបិននៃការលេងឱ្យ Real Madrid គឺមិនចេះចប់ឡើយ បើទោះជាបានជ្រើសរើសចុះកុងត្រាថ្មី និងបន្តនៅ Paris St-Germain ក៏ដោយ។ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៣ឆ្នាំរូបនេះបានច្រានចោលការផ្លាស់ទៅកាន់ក្លិបម្ចាស់ជើងឯកអេស្ប៉ាញកាលពីចុងសប្តាហ៍ដើម្បីចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំជាមួយ PSG។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការនិយាយទៅកាន់សារព័ត៌មាន BBC Sport កាលពីថ្ងៃចន្ទ Mbappe មិនបានច្រានចោលការផ្ទេរទៅកាន់ Real នៅពេលក្រោយក្នុងអាជីពរបស់គាត់នោះទេ។ កីឡាករូបនេះនិយាយថា “អ្នកមិនដឹងថាមានអ្វីអាចកើតឡើងនៅពេលអនាគតទេ។ ខ្ញុំបោះបង់ដើម្បីគិតអំពីអនាគត ខ្ញុំគិតតែពីបច្ចុប្បន្ន ហើយបច្ចុប្បន្នគឺខ្ញុំបានចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំបន្ថែមទៀតនៅ Paris St-Germain”។
នៅពេលសួរថាតើការចុះហត្ថលេខាលើកិច្ចសន្យាមានន័យថា សុបិនរបស់ Real Madrid ត្រូវបានបញ្ចប់ឬយ៉ាងណា Mbappe បាននិយាយថា “មិនដែលចប់ទេ”។ La Liga របស់អេស្ប៉ាញបានប្រតិកម្មខឹងសម្បារចំពោះព័ត៌មាននេះ ដោយហៅកិច្ចព្រមព្រៀងនេះថា “រឿងអាស្រូវ”។Mbappe ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករល្អបំផុតមួយរូបក្នុងពិភពលោកបាននិយាយថា គាត់បាននិយាយជាមួយប្រធានក្លិប Real Madrid លោក Florentino Perez ដោយផ្ទាល់ ដើម្បីប្រាប់គាត់អំពីការសម្រេចចិត្តរបស់គាត់ មុនពេលចុះហត្ថលេខាលើការបន្តកិច្ចសន្យានៅ PSG។ Mbappe ថា “វាជាសប្តាហ៍មុនដែលខ្ញុំបានធ្វើការសម្រេចចិត្តនៅ។ ជាដំបូង ខ្ញុំបាននិយាយទៅកាន់ប្រធានក្លិប Real Madrid ពីព្រោះខ្ញុំមានការគោរពច្រើនចំពោះគាត់ និងក្លិប។ ខ្ញុំគិតថាវាសំខាន់ក្នុងការនិយាយដោយផ្ទាល់ថាខ្ញុំនឹងមិនទៅ”។
Mbappe រកបាន២៨គ្រាប់នៅ Ligue 1 ដើម្បីជួយ PSG លើកពាន។ កីឡាកររូបនេះក៏បានជួយបារាំងឈ្នះជើងឯក World Cup ឆ្នាំ២០១៨ផងដែរ។ Mbappe បានចាប់ផ្តើមអាជីពរបស់គាត់នៅ Monaco មុនពេលផ្លាស់ទៅ PSG ក្នុងឆ្នាំ២០១៧ ដោយដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលចូលរួមជាអចិន្ត្រៃយ៍។ តាំងពីនៅក្លិប PSG មកគាត់បានឈ្នះពាន Ligue 1 ចំនួន៤ដង និង French Cup ៣ដង ៕ (រូបភាព ៖ BBC Sport)