ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះ មានឈ្មោះ សៀន សារឿន ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរធ្វើការសំណង់ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅខាងខេត្តព្រៃវែង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតពេលហេតុគេឃើញបុរសម្នាក់ បើកម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1S-7983 ជិះតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បម្រុងបត់ឆ្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CH-5994 ជិះដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចល្បឿន
លឿនដូចគ្នាចំពីមុខពេញទំហឹងដួលម៉ូតូខ្ទាតពេញផ្លូវ បណ្តាលឲ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូម៉ាកហុងដាស្គុបពី ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯម្ចាស់ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ រួចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print