ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីសម្តែងការគួរសម និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជា ពិសេស ទៅលើ វិស័យមីនដែលជាគោលដៅទី១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦- ២០៣០ ដែលយើងប្តេជ្ញាចិត្តថា មិនឲ្យនៅសេសសល់លើដីដែលមានការគម្រាមដោយ សារសំណល់ជាតិផ្ទុះពីសង្រ្គាមនោះទៀតឡើយ។ ជំនួបនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២ នៅប្រទេសថៃ ។
ក្នុងជំនួបនេះលោក ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យជាច្រើន មានដូចជា (១)អភិវឌ្ឍន៍សង្គម (២) ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ (៣)ស្ថិតិ (៤)បរិស្ថាន និងអភិវឌ្ឍន៍ (៥)គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ (៧)ដឹកជញ្ជូន និង (៨)ថាមពល ជាដើម។
លោកទេសរដ្ឋមន្រ្តី បានស្នើសុំជាពិសេសឲ្យ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ដែលផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម, ពិចារណាផ្តល់ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា មកហាត់ការនៅអគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដែលយើងប្តេជ្ញាចិត្តថា នឹង“មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។
លោកស្រី Armida Salsiah Alisjahbana ប្រធាន UN ESCAP ជាបឋម សូមគោរពសួរសុខទុក និងជូនពរពុកសូមមានសុខភាពល្អបរិបូរណ៍ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុក ដែលបានថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធីបើកកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ ។លោកស្រី បានលើកឡើងថា សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។
ជាមួយគ្នានេះ លោកស្រី ក៏បានប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី បានបញ្ជាក់ថា UN ESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើនរួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ចហិរញ្ញប្បទានប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាដើម ៕
ដោយ៖សំរិត