ជំនួបទ្វេភាគីរវាង លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ជាមួយ លោកស្រី​ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក្របខ័ណ្ឌគោលដៅកម្ពុជាឆ្នាំ២០៣០មិនឲ្យសេសសល់លើដីដែលមានសំណល់ជាតិផ្ទុះពីសង្រ្គាម ទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​លោក ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបជាមួយ លោកស្រី​ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីសម្តែងការគួរសម និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជា ពិសេស ទៅលើ វិស័យមីនដែលជាគោលដៅទី១៨ កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦- ២០៣០ ដែលយើងប្តេជ្ញាចិត្តថា មិនឲ្យនៅសេសសល់លើដីដែលមានការគម្រាមដោយ សារសំណល់ជាតិផ្ទុះពីសង្រ្គាមនោះទៀតឡើយ។ ជំនួបនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២២ នៅប្រទេសថៃ ។
ក្នុងជំនួបនេះលោក ​ទេសរដ្ឋមន្រ្តី​ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា និង UN ESCAP នៅក្នុងវិស័យជាច្រើន មានដូចជា (១)អភិវឌ្ឍន៍សង្គម (២) ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ (៣)ស្ថិតិ (៤)បរិស្ថាន និងអភិវឌ្ឍន៍ (៥)គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ (៦)បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ (៧)ដឹកជញ្ជូន និង (៨)ថាមពល ជាដើម។
លោកទេសរដ្ឋមន្រ្តី​ បានស្នើសុំជាពិសេសឲ្យ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ដែលផ្តោតជាសំខាន់ទៅលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម, ពិចារណាផ្តល់​ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា មកហាត់ការនៅអគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យសកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបាន​ដាក់​កំណត់ជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដែលយើងប្តេជ្ញាចិត្តថា នឹង“មិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម”។
លោកស្រី​ Armida Salsiah Alisjahbana ប្រធាន UN ESCAP ជាបឋម សូមគោរពសួរសុខទុក និងជូនពរពុកសូមមានសុខភាពល្អបរិបូរណ៍ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុក ដែលបានថ្លែងសុន្ទរកថាពិសេសក្នុងកម្មវិធីបើកកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចនិងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ ។លោកស្រី​ បានលើកឡើងថា សុន្ទរកថា​របស់សម្តេច​តេជោ​ ហ៊ុន​ សែន​ គឺជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ាន។
ជាមួយគ្នានេះ លោកស្រី​ ក៏បានប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី​ បានបញ្ជាក់ថា UN ESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើនរួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ចហិរញ្ញប្បទានប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាដើម ៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print