ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូនៃអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបចំនួន៤ប្រទេស ដែលដឹកនាំដោយលោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបពិភាក្សាការងារ។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះដែរភាគីសហភាពអ៊ឺរ៉ុប មានបំណងចង់ស្វែងយល់បន្ថែមពីដំណើរការ ស្ថានភាពនៃដំណើរការរយុទ្ធនាការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលឆាប់ៗខាងមុខនេះ ព្រមទាំងចង់ដឹងអំពីស្ថានភាពទូទៅនៃដំណើរការឈានទៅការបោះឆ្នោត។
ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវការអរគុណ ដល់សហភាពអ៊ឺរ៉ុបដែលបានផ្តល់ការគាំទ្រ ដល់ការបោះឆ្នោតឃុំសង្កាត់កាលពីលើកទី១ ហើយការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះគឺជាលើកទី៥ហើយ។ សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនទៅដល់ប្រតិភូនៃសហភាពអ៊ឺរ៉ុបទាំង៤ប្រទេសឱ្យដឹងថា ស្ថានភាពទូទៅនៃយុទ្ធនាការបោះឆ្នោត ព្រមទាំងការបោះឆ្នោតគឺអនុវត្តទៅតាមការកំណត់ ក្នុងនោះសម្តេចបានបង្ហាញនូវក្តីរីករាយដោយឃើញពីវឌ្ឍនភាពនៃការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយ ដោយប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងមានការគាំទ្រដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលពួកគាត់ពេញចិត្ត។
ឆ្លៀតឱកាសនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការបោះឆ្នោតសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលនេះជាគោលបំណងកសាងនូវប្រជាធិបតេយ្យឱ្យមានភាពចម្រុះនូវមូលដ្ឋាន កសាងនូវភាពម្ចាស់ការជាមួយប្រជាពលរដ្ឋនូវមូលដ្ឋាន។ ជាមួយគ្នានេះសម្តេចបានបង្ហាញក្តីសង្ឃឹម ជឿជាក់ នៅថ្ងៃបោះឆ្នោត នឹងមិនមានបញ្ហាអ្វីកើតឡើង ដែលរំខានដល់ការបោះឆ្នោតនោះទេ ដោយដំណើការល្អនៃការបោះឆ្នោតជាការឆ្លុះបញ្ជាំងពីការអនុវត្តស្របទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យពហុបក្ស។
សម្តេចក្រឡាហោម បានលើកឡើងពីបញ្ហាសន្តិសុខ ដែលក្រសួងបានសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)សំដៅធ្វើយ៉ាងណាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រៅពីនោះស្ថិតក្នុងសមត្ថកិច្ចដោះស្រាយ (គ.ជ.ប)ដែលជាស្ថាប័នពិនិត្យទៅបញ្ហាផ្សេងដែលពាក់ព័ន្ធទៅលើការបោះឆ្នោត។
ក្រៅពីការងារដែលបានលើកឡើងទាំងនេះ សម្ដេចក្រឡាហោម និងលោក លោកស្រី ជាអគ្គរដ្ឋទូតនៃប្រទេសក្នុងសហភាពអឺរ៉ុប ក៏បានជជែកផ្លាស់ប្ដូរយោបល់ទៅលើកិច្ចការមួយចំនួនដែលមានកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សម្រាប់នាពេលអនាគតពាក់ព័ន្ធទៅនឹងការងារបោះឆ្នោត និងក្នុងនោះក៏បានជជែកពិភាក្សាអំពីលទ្ធភាពនៅក្នុងការធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក សំដៅធ្វើយ៉ាងណាគាំទ្រដល់ដំណើរការពង្រឹងប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជាផងដែរ។
សម្ដេចក្រឡាហោម បានយកឱកាសនេះអំពាវនាវដល់សហភាពអឺរ៉ុបឱ្យបន្តគាំទ្រដល់កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តក្នុងការពង្រឹងភាពជាម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស គឺបន្តជួយគាំទ្រការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់តែសមស្រប បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕
ដោយ៖ស តារា