ចិននិងរុស្ស៊ីបោះឆ្នោតប្រឆាំងការដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង

ចែករំលែក៖

កាលពីយប់ថ្ងៃទី២៦ខែឧសភា (ពេលវេលានៅអាមរិក) ប្រទេសទាំងពីរដែលជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ ចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា ចិន
និងរុស្ស៉ី បានបោះឆ្នោតប្រឆាំងលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញប៉ុន្មានខែកន្លងមកនេះ។
នៅក្នុងបោះឆ្នោតនោះ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៣ បានបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងដំណោះស្រាយរបស់ សហរដ្ឋអាមេរិក ដោយមានគោលដៅហាមឃាត់ការនាំចេញថ្នាំជក់និងប្រេង ទៅកាន់កូរ៉េខាងជើង ព្រមទាំងដាក់បញ្ចូលក្រុម Hacker ឈ្មោះឡាហ្សារុស (Lazarus) ដែលមានទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងទៅក្នុងបញ្ជីខ្មៅផងដែរ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានហៅការបោះឆ្នោតខាងលើ គឺជាថ្ងៃដ៏គួរឱ្យសោកស្ដាយសម្រាប់ក្រុមប្រឹក្សាសន្តិសុខ ជាមួយការសង្កត់ធ្ងន់ថាពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ពិតប្រាកដពីសំណាក់កូរ៉េខាងជើង ហើយថាការនៅស្ងៀមរបស់ក្រុមប្រឹក្សាសន្តិសុខនឹងមិនអាចលុបបំបាត់ ឬកាត់បន្ថយការគំរាមកំហែងនេះបានទេ។
ការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងចំនួន ៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ត្រូវបានគេជឿជាក់ជាមីស៊ីលផ្លោងអន្តរទ្វីប ICBM តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បញ្ចប់ការបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ី៕ ដោយធីរីណា

...

រូប​ថត​ :​ Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print