ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូបុកគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង បន្ទាប់ពីជនរងគ្រោះជិះម៉ូតូមិនគោរពភ្លើងស្តុប។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង កែងនិងផ្លូវ៣០ម៉ែត្រចំណុចស្តុបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឃើញរថយន្តកុងតឺន័រក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣B ៥២៤៧ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូធុនធំ ពណ៌ត្រីអ៊ី លាយខ្មៅ ពាក់ស្លាកលេខកណ្ដាល ១AM ៧៥២៨ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចគ្នាមិនគោរពភ្លើងស្តុបត្រូវរថយន្តបុកចំពីមុខកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗ។ ចំណែករថយន្តមិនបានបើកបន្ថែមល្បឿនអូសម៉ូតូជាប់នៅខាងមុខរថយន្តជាច្រើនម៉ែត្រ ភ្លាមនោះសមត្ថកិច្ច ក៏បានចុះទៅឃាត់អ្នកបើកបររថយន្តម្នាក់យកទៅប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដេីម្បីប្រគល់ឱ្យសមត្ថកិច្ចជំនាញ។
ក្រោយកើតហេតុកម្លាំងនគរបាលជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងយករថយន្ត និងម៉ូតូព្រមទាំងនាំខ្លួនអ្នកបើកបររថយន្តទៅការិយាល័យចរាចរណ៍ ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី