(តពីលេខមុន)
លោភៈ និងទោសៈ រមែងកើតឡើងចំពោះបុគ្គលម្នាក់ៗ តាមអធ្យាស្រ័យរៀងៗ
ខ្លួន ដែលបុគ្គលមានចិត្តជាប់ដោយកិលេស ចំពោះវត្ថុនោះ សត្វនោះ អារម្មណ៍ណាមួយនោះការងារណាមួយនោះ តាមបែបល្ងង់ខ្លៅ។
បញ្ញាកើតឡើងខណៈណា រមែងោញាំងចិត្តគំនិតឲ្យមើលឃើញតែប្រយោជន៍ពិត តែលក្ខណៈសភាវៈពិត តម្រូវការពិតតែយ៉ាងនេះ ទើបបញ្ញាកាលកើតរលត់ឡើងខណៈណា រមែងញ៉ាំងឱ្យលោភចិត្ត ទោសចិត្តរលត់ទៅវិញភ្លាមៗ ក្នុងខណៈនោះដែរ អលោភ អទោស រមែងកើតឡើងព្រមព្រោះតែបញ្ញាជាសភាវៈបដិបក្ខនិងមោហៈ នឹងមិនអាចកើតរលត់ជាមួយគ្នា ដំណាលគ្នានោះបានឡើយ។ កាលបញ្ញាកើតឡើងបានឈ្មោះថា ជាចិត្តបរិសុទ្ធផង ជាចិត្តនឹងធឹង ជាចិត្តស្ងប់ជាសភាវៈនៃសេចក្តីសុខពិតកើតឡើងយ៉ាងនេះ រមែងញាំងកម្មឲ្យប្រព្រឹត្តទៅប្រកបតែនឹងធម៌ពិតនេះ។
សភាវធម៌ពិតរបស់បញ្ញាយ៉ាងនេះ អាចនឹងធ្វើឲ្យបុគ្គលមិនទាន់មានការប៉ះពាល់ត្រូវ អាចនឹងមានការងឿងឆ្ងល់ថា បើបញ្ញាត្រិះរិះពិចារណារកតែរឿងត្រូវ រកតែផលប្រយោជន៍ពិត រកតែលក្ខណៈពិត សភាវៈពិត ហេតុនៃទំនងពិត តម្រូវការពិតយ៉ាងនេះគ្រប់ដង្ហើមចេញចូលមុខតែមនុស្សហត់នឿយ រកសេចក្តីសប្បាយពុំឃើញឡើយ។
សេចក្តីសប្បាយរីករាយត្រេកត្រអាលញាប់ញ័រចំពោះអារម្មណ៍ ខុសគ្នានឹងសេចក្តីស្ងប់ដែលព្រះពុទ្ធបានសម្ដែង។ សូមធ្វើការសង្កេតពិចារណាឡើងវិញអំពីសភាវៈពិតរបស់លោភចិត្ត និងមោហចិត្ត ដូចដែលបានសម្ដែងខាងលើថា ចិត្តប្រភេទនេះទើបជាសេចក្តីសុខពិត ឬក៏អាចសម្គាល់បានថា សេចក្តីសប្បាយភ្លើតភ្លើន ហ៊ោកញ្ជ្រៀវបែបនេះថាជា សភាវៈឥតប្រយោជន៍ឥតខ្លឹមសារ គឺនៅត្រង់កាលបើកាយកម្ម វច័យកម្ម មនោកម្មឈប់បង្អោនទៅរករឿងរ៉ាវដែលសប្បាយភ្លើតភ្លើនខណៈណាសេចក្តីសប្បាយរីករាយនេះ រមែងរលត់សូនទៅវិញខណៈនោះដែរ ឯរបស់ជាប្រយោជន៍ផ្សេងៗមិនឃើញមានសល់នៅ ឃើញសោះ នៅតែសេចក្តីនឿយហត់អស់កម្លាំង ហើយក៏នាំគ្នាសម្គាល់ថាសេចក្តីសប្បាយរីករាយនោះថា ជាសភាវៈអស្ចារ្យ ថាជាប្រយោជន៍ពិតទៅវិញ។
ចំណែកឯបញ្ញា មិនមែនជាសេចក្តីសប្បាយរីករាយ ញាប់ញ័រភ្លើតភ្លើននោះឡើយ ពុំមែនជាកុសលធម៌ទាំងឡាយនោះឡើយ គឺជាចិត្តប្រព្រឹត្តបង្អោនទៅរកអារម្មណ៍យ៉ាងស្ងប់ស្ងៀមត្រិះរិះពិចារណា សិក្សាស្រាវជ្រាវរកឃើញហេតុផលដំណើរដើមចម និងសារប្រយោជន៍តាមតម្រូវការ ទើបចាប់និយាយ ចាប់គិតត្រិះរិះពិចារណាទៅតាមដំណើរដើមទងពិតដែលបានរកឃើញហើយនោះ រួចញ៉ាំងកម្មឲ្យប្រព្រឹត្តទៅផលប្រយោជន៍ពិត រមែងកើតមានឡើងជាវិជ្ជមានទៅតាមតែការគិតត្រិះរិះត្រូវ ធ្វើត្រូវនិយាយត្រូវនោះ ដោយពិតនេះទើបមានឈ្មោះថា បញ្ញាជាសភាវៈនៃសេចក្តីសុខពិតតាមប្រការយ៉ាងនេះ បីតិបាមោជ្ជៈ ក៏គង់កើតឡើង។
(នៅមានត)