ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូទៅបុករថយន្ត។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២ នៅចំណុចភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥០-៥១។
នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះទឹម ម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគិរីរស្មី ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ1S-1933 បើកបរពីទិសខាងកើតទៅទិសខាងលិច ហើយពេលបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងម៉ាកNISSAN ពណ៌កាប់ស្តាំងពាក់ស្លាកលេខភ្នំពេញ3A-6147 ។ អ្នកបើកបររថយន្តគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះបានចុះរត់គេចខ្លួនបាត់ក្រោយកើតហេតុ)។ មុនពេលមានគ្រោះថ្នាក់ម៉ូតូនិងរថយន្តនេះបានបើកបរបញ្ច្រាសទិសគ្នា ហើយក៏ស្រាប់តែបុកគ្នាពេញទំហឹងបណ្តាលឲ្យជនរងគ្រោះអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងនិងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា