ខេត្តព្រះសីហនុ៖ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះល្បាត និងដាក់គោលដៅឆែកឆេរអាវុធគ្រឿងផ្ទុះ។
បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី៣០ ខែឧសភា ឆ្នាំ២០២២នេះថា៖ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ផងដែរ៕
ដោយ៖ស តារា