ខេត្តព្រៃវែង÷ផ្ទះប្រជាពលរដ្ឋពីរខ្នងធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយសារឆ្លងចរន្ដអគ្គិសនីពីទូទឹកកក។ ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះពីរខ្នងដែលត្រូវអគ្គិភ័យឆាបឆេះមានម្ចាស់ឈ្មោះ ម៉ិញ ភី ភេទស្រី អាយុ៤៣ឆ្នាំ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ ៩ម៉ែត្រx៨ ម៉ែត្រ ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង និងសម្ភារៈផ្សេងទៀតសរុបជាទឹកប្រាក់អស់ប្រហែលចំនួន១៥០០០ដុល្លារ។
របាយការណ៍បានបញ្ជាក់ថា ករណីនេះគឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីពីទូរទឹកកក ដោយកម្លាំងជំនាញអគ្គិភ័យស្រុកពារាំង បានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ចំនួន០១គ្រឿង បាញ់ពន្លត់អស់ទឹកចំនួន០២រថយន្តទើបរលត់ទាំងស្រុង និងមិនបណ្តាលអោយមានមនុស្សរងរបួសឬស្លាប់ឡើយ៕
ដោយ៖ សូរិយា