ភ្នំពេញ : អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ពួកគេបានស៊ើបអង្កេតករណីចំនួន៥ ដែលជនសង្ស័យបានប្រើ AirTags ក្នុងការលួចរថយន្តទំនើបៗ។ អាជ្ញាធរបានបញ្ជាក់ថា នៅពេលដែលជនខិលខូចបានរកឃើញរថយន្តដែលពួកគេចង់លួចនៅកន្លែងសាធារណៈ ឬចំណតចតរថយន្ត ពួកគេក៏ដាក់ AirTag នៅកន្លែងដែលមើលមិនឃើញ ដូចជានៅផ្នែកខាងក្រោមនៃកាងរថយន្ត ដោយសង្ឃឹមថាម្ចាស់រថយន្តនឹងមិនត្រូវបានរកឃើញ។ បន្ទាប់មកជនខិលខូចនឹងធ្វើការតាមដានដើម្បីលួចយករថយន្តនៅពេលដែលរថយន្តនោះត្រូវបានចតនៅទីកន្លែងស្ងាត់ ដូចជានៅមុខផ្ទះរបស់ជនរងគ្រោះជាដើម។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើកម្មវិធី ‘Tracker Detect’ នៅក្នុង Google Play Store សម្រាប់លោកអ្នកដែលមានទូរសព្ទប្រភេទ Android ដើម្បីតាមដានឧបករណ៍ AirTags។ កម្មវិធីនេះនឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ប្រសិនបើវារកឃើញ AirTags ណាដែលមិននៅជិតទូរសព្ទដែលបានភ្ជាប់។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចស្កេនដើម្បីស្វែងរក AirTag ដែលនៅក្បែរ ប្រសិនបើពួកគេគិតថា ជនណាម្នាក់កំពុងប្រើ AirTag ឬឧបករណ៍ផ្សេងទៀតដើម្បីតាមដានទីតាំងរបស់ពួកគេ៕