សម្ដេចក្រឡាហោម​ ស​ ខេង​៖​ ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកឱ្យរដ្ឋបាលឃុំ សង្កាត់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានមានលទ្ធភាពកាន់តែច្រើនក្នុងការបំពេញកិច្ចការបំរើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បេក្ខជន សមាជិក សមាជិការ និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជូនពរឱ្យគណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ខេត្តបាត់ដំបង សូមទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសង្កែទាំងមូល រួមទាំងសមាជិក សមាជិការ និងសកម្មជនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសង្កែទាំងអស់ដែលបានរួមកម្លាំងសាមគ្គីគ្នាបំរើជាតិ បំរើប្រជាជនយ៉ាងសកម្ម ពិសេសការដោះស្រាយការលំបាក សំណូមពរ សំណើរប្រជាពលរដ្ឋអស់ពីលទ្ធភាព ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅក្នុងជីវភាពប្រចាំថ្ងៃ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីបុព្វហេតុនាំឱ្យមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំនៅមូលដ្ឋានដោយផ្ទាល់។ សម្ដេចបន្តថាការបោះឆ្នោតនេះ គឺជាឆន្ទៈចង់ពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងរួមចំណែកពង្រឹងស្ថិរភាពជាតិ ដ្បិតថ្នាក់ដឹកនាំមូលដ្ឋាន កើតចេញពីប្រជាពលរដ្ឋ ដោយមិនដូចអតីតកាលដែលមេឃុំ ចៅសង្កាត់ ត្រូវតែងតាំងដោយថ្នាក់លើ។

សម្ដេចក្រឡាហោម បានសង្តក់ធ្ងន់អំពីគុណតម្លៃនៃការថែរក្សាសុខសន្តិភាពដែលត្រូវការតួនាទីដឹកនាំប្រទេសជាតិពីគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ទាំងកម្រិតជាតិ និងកម្រិតឃុំ សង្កាត់។ សម្ដេចក៏បានគូសបញ្ជក់អំពីការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកឱ្យរដ្ឋបាលឃុំ សង្កាត់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានមានលទ្ធភាពកាន់តែច្រើនក្នុងការបំពេញកិច្ចការបំរើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ខណៈផែនទីបង្ហាញផ្លូវក្នុងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាបានកំណត់រួចរាល់ហើយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print