ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាកងរាជអាវុធហត្ថកំបូល បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហាន កងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ទោ មីកាអែលហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថកំបូល បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១៤\២០១៦ ផ.ក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សាលាកំបូលបានទំនាក់ទំនងជាមួយជំនាញផ្សេងៗរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។ លោក ឧត្តមសេនីយ៍ទោ បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន១៦៩ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ មុខវិជ្ជាដែលត្រូវហ្វឹកហ្វឺនរៀនសូត្រមាន៖ វិទ្យាសាស្ត្រសង្គម យោធា កងរាជអាវុធហត្ថ ច្បាប់ អប់រំចិត្តសាស្ត្រ និងមានទស្សនកិច្ចសិក្សាតាមស្ថាប័នផងដែរ៕
ដោយ សុខ ខេមរា