ផ្គត់ផ្គង់អាវុធបន្ថែមទៅឲ្យអ៊ុយក្រែន គឺជាសកម្មភាព«ចាក់សាំងចូលភ្លើង»

ចែករំលែក៖

នៅថ្ងៃ១ខែមិថុនា អាមេរិកនិងអាល្លឺម៉ង់ បានសន្យាផ្តល់អាវុធទំនើបៗដល់ប្រទេសអ៊ុយក្រែន តាមការចង់បានរបស់ទីក្រុងកៀវដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង និងកាំភ្លើងធំរថក្រោះរបស់រុស្ស៊ី ។ សកម្មភាពខាងលើមិនខុសអ្វីពីការចាក់សាំងបន្ថែមចូលក្នុងភ្នក់ភ្លើងដែលកំពុងតែឆាបឆេះជិត៤ខែកន្លងមកនោះទេ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស IRIS-T ដល់អ៊ុយក្រែន បន្ទាប់ពីមានការអង្វរករពីទីក្រុងកៀវ ហើយគណបក្សប្រឆាំងអាល្លឺម៉ង់ក៏បានទទូចឱ្យបង្កើនការជួយផ្តល់អាវុធធុនធ្ងន់ផងដែរ។
លោកអធិការបតីអាល្លឺម៉ង់បានគូសបញ្ចាក់យ៉ាងដូច្នេះថា អាល្លឺម៉ង់បាននិងកំពុង «បន្តបញ្ជូនអាវុធ ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមមកម្ល៉េះ» ដែលរហូតមកទល់ពេលនេះ ទីក្រុងបែរឡាំងបានបញ្ជូនគ្រាប់រំសេវជាង១៥លានគ្រាប់, គ្រាប់បែកដៃជាង ១០០,០០០គ្រាប់ និងគ្រាប់មីនប្រឆាំងរថក្រោះជាង ៥,០០០គ្រាប់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៉ីបានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។
លោក Scholz បានប្រាប់សមាជិកសភាអាល្លឺម៉ង់ថា «នាពេលថ្មីៗនេះ រដ្ឋាភិបាលសម្រេចចិត្តថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស IRIS-T ដ៏ទំនើបបំផុត ដែលអាល្លឺម៉ង់មានក្នុងដៃដល់អ៊ុយក្រែន» ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់អំពីម៉ូដែលរបស់វាឡើយ។ ប៉ុន្តែបើតាមប្រភពដែល Reuters ទទួលបាន គឺអាល្លឺម៉ង់គ្រោងផ្តល់ម៉ូដែល IRIS-T SLM ដែលជាប្រភេទរយៈចម្ងាយមធ្យម។
យ៉ាងណាក្តី ការសម្រេចចិត្តខាងលើ មិនមែនមានន័យថាទីក្រុងបែរឡាំង នឹងចាត់ចែងបញ្ជូនប្រព័ន្ធការពារដែនអាកាសនេះបានក្នុងពេលឆាប់ៗនោះទេ។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាលេណា ប៊ែរបក់ (Annalena Baerbock) បានប្រាប់សមាជិកសភាថា «វានឹងចំណាយពេលមួយរយៈ គឺអាចប៉ុន្មានខែ» ដោយបន្ថែមថា ប្រព័ន្ធនេះដែលផលិតដោយក្រុមហ៊ុនផលិតអាវុធ ឌីល (Diehl) ពីដំបូងឡើយត្រូវបានបម្រុងទុកសម្រាប់ «ប្រទេសមួយផ្សេងទៀត»។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានបង្កើនការទទូចសុំជំនួយអាវុធធុនធ្ងន់ពីសម្ព័ន្ធមិត្ត ស្របពេលដែលទីក្រុងមូស្គូ បានផ្តោតការសម្រុកវាយលុកទៅកាន់តំបន់ភាគខាងកើតរបស់អ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការដណ្តើមកាន់កាប់រដ្ឋធានីកៀវ៕ ដោយធីរីណា

...

រូបថត​ :​ Dhiel Defense

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print