ដាណឺម៉ាក់ចូលរួមគោលនយោបាយការពាររួមរបស់អឺរ៉ុប

ចែករំលែក៖

តាមលទ្ធផលរាប់សន្លឹកឆ្នោតចុងក្រោយ គឺមានពលរដ្ឋដាណឺម៉ាកដល់ទៅ៦៧%បានគាំទ្រប្រទេសនេះចូលរួមជាមួយគោលនយោបាយសន្តិសុខការពាររួម (CSDP) របស់អឺរ៉ុប។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសដាណឺម៉ាកនឹងចូលរួមក្នុងគោលនយោបាយការពារជាតិរបស់សហភាពអឺរ៉ុប (EU) ក្រោយពីលទ្ធផលនៃការបោះឆ្នោតប្រជាមតិមួយដែលជាសញ្ញាផ្លាស់ប្តូរដ៏ធំមួយសម្រាប់ដាណឺម៉ាក ក្នុងការបង្កើនទំនាក់ទំនងការពារជាតិឱ្យកាន់តែស៊ីជម្រៅជាមួយ EU ដើម្បីឆ្លើយតបនឹងការវាយប្រហារបស់រុស្ស៉ីលើអ៊ុយក្រែន។
លទ្ធផលចុងក្រោយនៃការធ្វើប្រជាមតិបានបង្ហាញថា សំឡេងស្ទើរតែ៦៧ភាគរយ គឺគាំទ្រឱ្យដាណឺម៉ាកបោះបង់ចោលវិញនូវជំហរមិនចូលរួមក្នងគោលនយោបាយសន្តិសុខ និងការពារជាតិរួមរបស់សហភាពអឺរ៉ុប ហៅកាត់ថា CSDP។ វាក៏ជាកំណត់ត្រាដ៏ធំបំផុតផងដែរ នៃការបង្ហាញសំឡេងគាំទ្រក្នុងការធ្វើប្រជាមតិលើបញ្ហារបស់សហភាពអឺរ៉ុបនៅប្រទេសដាណឺម៉ាក បើទោះជាក្រុមអ្នកប្រឆាំងបានជំទាស់ថា គោលនយោបាយនេះគឺមានការរឹតត្បិត ហើយនឹងធ្វើឱ្យវិស័យយោធាដាណឺម៉ាកបាត់បង់តម្លៃក៏ដោយ។
ក្រោយការធ្វើប្រជាមតិបិទបញ្ចប់ នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី ម៉េតេ ហ្រ្វេដឺរិកសិន (Mette Frederiksen) បាននិយាយយ៉ាងដូច្នេះថា «យើងបានបញ្ជូនសញ្ញាមួយទៅកាន់សម្ព័ន្ធមិត្តរបស់យើងនៅក្នុងអង្គការណាតូ និងនៅអឺរ៉ុប ហើយយើងក៏បានបញ្ជូនសញ្ញាច្បាស់លាស់មួយរបស់យើង ទៅកាន់លោក ពូទីន ផងដែរ»។ លោកស្រីបានបន្ថែមថា «នៅពេលដែលរុស្ស៉ីបើកការឈ្លានពានលើប្រទេសសេរី និងឯករាជ្យ ឬ នៅពេលដែលរុស្ស៉ីគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាព, កិច្ចសហប្រតិបត្តិការរបស់ពួកយើង គឺកាន់តែជិតស្និទ្ធថែមទៀត»។
ដាណឺម៉ាកគឺជាប្រទេសសមាជិកសហភាពអឺរ៉ុបតែមួយគត់ ដែលមិនចូលរួមក្នុងគោលនយោបាយការពារ និងសន្តិសុខរបស់ប្លុកនេះ។ តាមរយៈ CSDP ដាណឺម៉ាក នឹងអាចចូលរួមក្នុងប្រតិបត្តិការយោធារួមរបស់ EU នៅប្រទេសផ្សេងៗ ហើយអាចធ្វើសហប្រតិបត្តិការ ក្នុងការទិញបរិក្ខារយោធានិងសព្វាវុធរួមគ្នាផងដែរ៕ ដោយធីរីណា

...

រូបថត​ :​ Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print