(គ.ជ.ប) ប្រកាសពីលទ្ធផល នៃសវនាការជាសាធារណៈ ដោះស្រាយ បណ្តឹងតវ៉ា និងបណ្តឹងជំទាស់ របស់តំណាងគណបក្សនយោបាយ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសវនាការជាសាធារណៈដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ របស់តំណាងគណបកនយោបាយ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។ ដោយបញ្ជាក់ថា, នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០ នៅសាលសន្និសីទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមាន សមាសភាព ៩រូប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ២ ប្តឹងតវ៉ា និងប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធ ទៅនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងសំណុំរឿងលេខ ១៤៨ ដើមបណ្តឹងឈ្មោះ គង់ រ៉ៃយ៉ា ភេទប្រុស កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩១ មានទីលំនៅ ភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាបេក្ខជនគណបក្ស ភ្លើងទៀន ឃុំស្តៅ បានប្តឹងជំទាស់ទៅនឹងសេចក្តីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានសម្រេច ផាកពិន័យជាប្រាក់ចំនួន ៥,០០០,០០០ (ប្រាំលាន) រៀល មកលើខ្លួន ពីបទចែកថវិកា និងសម្ភារ ឃោសនាបោះឆ្នោតទៅឱ្យគណបក្ស ភ្លើងទៀន ចំនួន ១១ឃុំ ក្នុងស្រុកកងមាស។

ក្នុងសំណុំរឿងលេខ ១៤៩ ដើមបណ្តឹងឈ្មោះ គា អ៊ាវ ភេទប្រុស កើតថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៦៩ មានទីលំនៅ ភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាមេធាវីតំណាង អាណត្តិឱ្យឈ្មោះ ជិន ដាវី បានប្ដឹងសុំតវ៉ាទៅនឹងសេចក្តីសម្រេច លេខ ០៩៧២ គាន២ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានធ្វើការសម្រេចលើចំណុចដកសិទ្ធិបោះឆ្នោត និងលុបឈ្មោះចេញពីបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ចំនួន ១៥រូប ដែលនាំគ្នាផ្ដល់នូវអំណោយជាថវិកា និងសម្ភារមួយចំនួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់មេធាវីតំណាង ព្រមទាំងបានពិនិត្យកំណត់ហេតុ សាកសួរដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបាន ពិភាក្សាស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ញា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចមក ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា សេចក្តីសម្រេចលេខ ០០៦/២២ គធ.ខប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម គឺជាការសម្រេចក្នុងសមត្ថកិច្ច និងជាមូលវិចារអធិបតយ្យរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត កំពង់ចាម និងពុំមានមូលដ្ឋានគតិយុត្តពេញលេញនៅឡើយ។ ដូចនេះក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖ លុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយាំ ចំនួន ៥,០០០,០០០ (ប្រាំលាន)រៀ។ រក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្ស ភ្លើងទៀន ទាំង ១៥រូប។

សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថៃ្ងព្រហស្បតិ៍ទី២ ខែមិថុនា ឆ្នាំ២០២២ កំបាំងមុខគូភាគីនៅចំពោះមុខមេធាវីតំណាង ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print