លោក ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំត្រពាំងវែង និងឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល : នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅឃុំត្រពាំងវែង និងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ស្ថិតនៅទីស្នាក់គណបក្សប្រជាជនកម្ពុជាឃុំត្រពាំងវែង និងឃុំគោកត្រប់។
ថ្លែងសំណេះសំណាលជាមួយសមាជិកគណបក្សនាឱកាសនោះ លោក ម៉ម ប៊ុននាង បានសម្តែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាបក្សទាំងអស់នៃឃុំគោកត្រប់ និងឃុំត្រពាំងវែង ដែលបានយកអស់កម្លាំងកាយ ចិត្ត ចុះឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំ សង្កាត់ ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះក្រោមបរិកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ក្នុងកសាងសន្តិភាព រក្សាសន្តិភាព ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់រស់នៅក្នុងសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈដែលប្រទេសអភិវឌ្ឍមួយចំនួនធំ នៅកំពុងជាប់ក្នុងវិបត្តិសុខាភិបាល ដូចជាជំងឺកូវីដ-១៩ និងជំងឺអុតស្វាជាដើម ហើយប្រទេសមួយទៀត កំពុងធ្លាក់ក្នុងភ្លើងសង្រ្គាម ដែលធ្វើប្រជាជនរងទុក្ខខ្លោចផ្សារដោយត្រូវបាត់បង់សមាជិកគ្រួសារ ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ។
លោកបានបញ្ជាក់ថា ឈរលើមូលដ្ឋានស្នាដៃ និងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឱ្យភាពរុងរឿង, ភាពត្រជាក់ជុំ រួបរួម ផ្សះផ្សាជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិ ដែលនាំមកនូវសង្គ្រាមបែកបាក់, ការរើសអើង, ការបំផ្លិចបំផ្លាញ និងភាពអន់ថយ ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។
លោក ម៉ម ប៊ុននាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពិនិត្យ និងរក្សាអត្ថសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឱ្យបានល្អប្រសើរ។ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ត្រូវអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ ហើយថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ រួមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាបន្តបន្ទាប់ទៀត ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print