ភ្នំពេញ ៖ សង្ឃក្លែងក្លាយម្នាក់ត្រូវបានអាជ្ញាធរសាលាខណ្ឌសែនសុខប្រទះឃើញហើយឃាត់ខ្លួនយកមកសាកសួរបន្ទាប់ពីសង្ឃអង្គនេះបានដើររៃអង្គាសបច្ច័យពីប្រជាពលរដ្ឋ។
ករណីឃាត់សង្ឃក្លែងក្លាយនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៣៥នាទីរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០២ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សង្ឃក្លែងក្លាយម្នាក់នោះមានឈ្មោះ សាត់ រ៉ាត់ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះញោមធ័ម(អ្នករាប់អាន) ម្ដុំក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិឫស្សី ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពពីអាជ្ញាធរសាលាខណ្ឌសែនសុខបានអោយដឹងថាៈ មុនពេលកើតហេតុកំលាំងល្បាតរបស់សាលាខណ្ឌសែនសុខបានដើរល្បាតនៅចំនុចខាងលើក៏បានប្រទះព្រះសង្ឃម្នាក់នេះកំពុងតែដើរអង្គាសបច្ច័យយកទៅកសាងវត្តសាមគ្គីរាមអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ ពេលនោះកំលាំងសាលាខណ្ឌមានការសង្ស័យក៏បាននាំខ្លួនព្រះសង្ឃអង្គនោះមកកាន់សាលាអនុគុណខណ្ឌសែនសុខដែលស្ថិតក្នុងវត្តសំរោងអណ្ដែត ដើម្បីធ្វើការសួរនាំនិងរកព្រះឆាយលក្ខ័តែគ្មាន ក្រោយមកក៏បានធ្វើការទាក់ទងតាមទូរសព្ទ័ទៅចៅអធិការវត្តនៅក្នុងគោក្រាមតែព្រះចៅអធិការបានឆ្លើយថាមិនបានស្គាល់ព្រះសង្ឃអង្គនោះឡើយ ក្រោយមកគណៈកម្មការធម្មការនិងសាសនានៃខណ្ឌសែនសុខបានធ្វើការដោះស្បង់ជីវរចេញហើយបានប្រគល់អោយទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើកិច្ចសន្យាណែនាំអប់រំដើម្បីអោយបុរសម្នាក់នោះរៀងចាលឈប់ប្រព្រឹត្តអំពើបែបនេះទៀត៕
តុង សីហា