សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា នៅថ្ងៃទី៥ខែមិថុនា ចិននឹងបាញ់បង្ហោះយានអវកាសមួយគ្រឿងដែលផ្ទុកអវកាសយានិកចំនួន៣នាក់ ឆ្ពោះទៅកាន់កំណាត់បន្ទប់ស្នូលនៃស្ថានីយអវកាសរបស់ខ្លួនដែលកំពុងបន្តស្ថិតក្នុងដំណើរការសាងសង់។
មន្ត្រីអង្គការអវកាសចិនបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមិថុនា គ្រាប់រ៉ុក្កែត (Long March-2F) នឹងនាំយកយានអវកាស Shenzhou-14 ឡើងទៅទីអវកាសដោយបាញ់ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ដែលស្ថិតនៅក្នុងខេត្ត Gansu ភាគពាយព្យប្រទេសចិន។ សមាសភាពនៃក្រុមអវកាសយានិកចិនទាំង៣រូប គឺបុរស២នាក់និងស្រ្តី១នាក់។
Shenzhou-14 នេះជាបេសកកម្មបញ្ជូនអវកាសយានិកលើកទី៣ និងជាបេសកកម្មជើងទី៧ហើយ នៃបេសកកម្មសរុបទាំងចំនួន១១ ដែលចាំបាច់ក្នុងការសាងសង់ស្ថានីយអវកាសចិន ឈ្មោះថា Tiangong ឱ្យរួចរាល់ជាស្ថាពរនៅមុនដំណាច់ឆ្នាំនេះ។ ចិនបានចាប់ផ្តើមការសាងសង់ស្ថានីយអវកាសនេះកាលពីខែមេសា ឆ្នាំ២០២១ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូលឈ្មោះ Tianhe ឡើងទៅមុនគេ។
បន្ទាប់ពីបេសកកម្ម Shenzhou-14 កំណាត់បន្ទប់២ចុងក្រោយដែលនឹងបម្រើជាមន្ទីរពិសោធន៍ ឈ្មោះថា Wentian និងម៉េងធាន Mengtian នឹងត្រូវបញ្ជូនឡើងទីអវកាសនៅខែកក្កដា និងខែតុលាខាងមុខ។ ដោយឡែក ក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-14 នឹងត្រូវស្នាក់នៅហើយធ្វើការក្នុងទីអវកាសសម្រាប់រយៈពេល៦ខែ៕ ដោយធីរីណា
រូបថត : Xinhua
រូបថត : PBS