រដ្ឋមន្ត្រីការបរទេសថៃ លោក Anutin Charnvirakul នៅពេលថ្មីៗនេះបានបង្ហាញក្តីបារម្ភពីករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាថ្មី គឺ១ម៉ឺននាក់ក្នុងមួយថ្ងៃ បន្ទាប់ពីកន្លែងកម្សាន្តនានា ពិសេសនៅពេលយប់បានបើកដំណើរការធម្មតាវិញ។
ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០០១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៩៩០ករណីត្រូវបានរកឃើញលើប្រជាជនទូទៅ និង ១១ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៣០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៣,៨១៣នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤៦៣,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,១៤៣នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៩លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៧លានដូស ក្នុងនោះប្រជាជនជាង ៥៦.៥២លាននាក់ (៨១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៥២.៥លាននាក់ (៧៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយធីរីណា
រូបថត:Manager Online