ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកឡំប្រឺតាយ៉ាងលឿនជ្រុលទៅបុករថយន្តដឹកត្រីពីខាងក្រោយពេញទំហឹងបណ្តាលឱ្យគាបជាប់នៅក្នុងឡំប្រឺតាតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជាប់បុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ នង សាវឿន អាយុ៤០ឆ្នាំ មុខរបររត់ឡំប្រឺតា មានទីលំនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកត្រីម៉ាកHYUNDAI ក្បាលពណ៌សមួយគ្រឿង ពាក់ស្លាកលេខ កំពត3A-1157 បានចតស្ងៀមនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចដោយមិនមានបើកភ្លើងសុីញ៉ូឡើយ ចំណែកឯអ្នកបើកបរនៅអង្គុយលេងជាប់នឹងរថយន្ត ស្រាប់តែភ្លាមៗនោះគេឃើញមានបុរសម្នាក់ជាជនរងគ្រោះបានបើកឡំប្រឺតា ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1IL-7456 តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតចូលមកខាងស្តាំដៃហើយជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តដឹកត្រី ពេញទំហឹងបណ្តាលឱ្យគាបជាប់ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងស្ទូចយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ហើយធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ