ខេត្តស្វាយរៀង:នាព្រឹកថ្ងៃអាទិត្យ ៦កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ លោកសរសុដានី អភិបាលរងក្រុងស្វាយរៀងបានអញ្ជេីញទៅចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី០៥ ឆ្នាំ២០២២ នៅការិយាល័យសាលាបឋមសិក្សាសំបួរស្ថិតក្នុងឃុំសំបួរស្រុកស្វាយទាប។
លោកសរសុដានី សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានមកតម្រង់ជួរតាំងពីព្រលឹមនៅមុខការិយាល័យបោះឆ្នោតនៅតាមមណ្ឌលរៀងៗខ្លួនដើម្បីបំពេញតួនាទីជាពលរដ្ឋគំរូដែលស្រលាញ់ជាតិមាតុភូមិនៃយើង។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម ។
យោងតាមលោកឯម សុទ្ធ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថាខេត្តស្វាយរៀងក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានមណ្ឌលបោះឆ្នោតចំនួន៨០ មណ្ឌលនិងការិយាល័យចំនួន ៩៨៤ ការិយាល័យនឹងមនុស្សសរុបមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣៩១៦២២នាក់។
ចំណែកកម្លាំងសន្តិសុខដែលប្រចាំការតាមមណ្ឌលនានាក្នុងខេត្តស្វាយរៀងនិងរៀបចំសណ្តាប់ធ្នាប់មានចំនួនសរុប៣១៦៦នាក់។អ្នកសង្កេតការណ៍មានចំនួន៤៤៩៨នាក់និងភ្នាក់ងារគណបក្សនយោបាយ៣២១៥នាក់ សមាគមន៍ អង្គការមានចំនួន៨។
លោកបានបន្តថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានគណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែងមានចំនួន ៩គណបក្សក្នុងនោះ៖ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សភ្លើងទៀន ទី៣.គណបក្សហ៊្វុនស៊ិនប៉ិច ទី៤.គណបក្សខ្មែររួបរួមជាតិ ទី៥.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី៧.គណបក្សយុវជនកម្ពុជា ទី៨.គណបក្សកម្ពុជានិយម ទី៩.គណបក្សសញ្ជាតិកម្ពុជា។
លោកឯម សុទ្ធបានបញ្ជាក់ថារហូតដល់ម៉ោង៨ព្រឹកនេះ មិនទាន់មានបាតុភាពអ្វីដែលរំខាន ដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេគឺបានប្រព្រឹត្តទៅដោយមានភាពរលូនគ្រប់មណ្ឌលបោះឆ្នោតទាំងអស់នៅទូទាំងខេត្តស្វាយរៀង។