ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី០៦ ខែមិថុនា ឆ្នាំ២០២២នេះថា៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ៣នាក់ដែរបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។
ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២ៈ១០នាទី ស្ថិតនៅលើផ្លូវល្បឿនលឿន ត្រង់ចន្លោះគីឡូម៉ែត្រ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកPRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ2C-2141 បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ដោយអ្នកបើកបរឈ្មោះ ឡុក សៅ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ ដែលមានអ្នករួមដំណើរចំនួន៨នាក់ រងរបួសចំនួន០២នាក់ លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកLEXUS RX350 ពណ៌ស ពាក់ស្លាកកលេខ ព្រះសីហនុ 2D-1838 ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ បុន សុខុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាតិយកទៅមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបន្តថា វត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕
ដោយ៖សហការី