ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅភូមិប៉ប្រកខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេបានលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅ
ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះជុយ ចយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះពុធ ទ្រី ភេទប្រុសអាយុ២១ឆ្នាំ និងទី៣-ឈ្មោះនួន ប៊ុនស៊ូ ភេទប្រុស អាយុ២៥ឆ្នាំ ។
សម្ភារដកហូតបានមាន៖ ម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧បិទតែមឆ្នាំ២០២២មួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 1L-7577, ដែកសម្រាប់ឆ្កឹះសោម៉ូតូ២ដេីម, ម៉ូតូម៉ាកLet’s ពណ៌សលាយខៀវ ពាក់ស្លាកលេខកំពង់ធំ1K-9271។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងបានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញជនសង្ស័យឈ្មោះជុយ ចយ កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខកំពង់ស្ពឺ1L-7577 ដែលជាមុខសញ្ញានិងត្រូវជនរងគ្រោះឈ្មោះផល ពិសី ជាម្ចាស់ម៉ូតូដែលបាត់កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ នៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទេីបសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី១ តែម្តង។
ក្រោយពីសួរនាំជនសង្ស័យបានសារភាពថាខ្លួនមានបក្សពួក២នាក់ទៀតទេីបសមត្ថកិច្ចបន្តតាមឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ជួលតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ